LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ីបានបើកការ វាយលុកដែលរំពឹងទុករបស់ពួកគេ នៅភាគខាងកើតអ៊ុយក្រែន ដោយព្យាយាមរុញច្រានតាម ខ្សែការពារតាមបណ្តោយជួរមុខ ទាំងមូលនៅព្រឹកថ្ងៃអង្គារនេះ នៅក្នុងអ្វីដែលមន្ត្រីអ៊ុយក្រែន បានពិពណ៌នាថា ជាដំណាក់កាលទី២នៃសង្រ្គាម។
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ប្រទេសរុស្ស៊ី បានចាប់ផ្តើម “សមរភូមិ Donbas” នៅភាគខាងកើត ហើយ “ផ្នែកធំនៃកងទ័ពរុស្ស៊ីទាំងមូល នាពេលឥឡូវនេះកំពុង ផ្តោតលើការវាយលុកនេះ” ។
លោកបានសច្ចានៅក្នុងខ្សែវីដេអូថា “មិនថាឡើយទាហានរុស្ស៊ី មានប៉ុន្មាននាក់ដែលពួកគេ បានបញ្ជូនទៅកាន់ទីនោះ យើងនឹងប្រយុទ្ធ ។ យើងនឹងការពារខ្លួន” ។
ប្រធានបុគ្គលិករបស់លោក Zelenskyy លោក Andriy Yermak បានធានាដល់ប្រជាជនអ៊ុយក្រែនថា កងកម្លាំងរបស់ពួកគេអាច ទប់ស្កាត់ការវាយលុកនៅក្នុង “ដំណាក់កាលទី២នៃសង្រ្គាម” ។
លោកបានថ្លែងថា “ជឿលើកងទ័ពរបស់យើង វាខ្លាំងណាស់” ។
មិនមានការអត្ថាធិប្បាយភ្លាមៗ ពីក្រសួងការពារជាតិរុស្ស៊ី អំពីការប្រយុទ្ធគ្នាចុងក្រោយនេះនោះទេ ។ អភិបាលខេត្ត Belgorod របស់រុស្ស៊ី បានលើកឡើងថា កងកម្លាំងអ៊ុយក្រែនបាន វាយលុកភូមិព្រំដែនមួយ បណ្តាលឲ្យអ្នកស្រុកម្នាក់រងរបួស។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ថា មានការផ្ទុះជាបន្តបន្ទាប់ដែលមាន ឥទ្ធិពលមួយចំនួននៅតាម ខ្សែជួរមុខក្នុងតំបន់ Donetsk ជាមួយនឹងការបាញ់ផ្លោងបានកើតឡើងនៅ Marinka, Slavyansk និង Kramatorsk ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា