ម៉ូស្គូ៖ ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ដោយផ្លាស់ប្តូរទស្សនៈ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ជាបន្តបន្ទាប់ផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាល់ហ្សេរី លោក Tebboune និងលោក ពូទីន បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីនាពេលខាងមុខ ហើយបានសន្យាថា នឹងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀត។
ប្រធានាធិបតីទាំងពីរ ក៏បានជជែកគ្នាផងដែរ អំពីជម្លោះ រុស្ស៊ី – អ៊ុយក្រែនដែលកំពុងបន្តកើតមាននិង ភាពតានតឹងកាន់តែខ្លាំងវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់វិមានក្រឹមឡាំង លោក ពូទីន និងលោក Tebboune បានយល់ព្រមបន្តការសម្របសម្រួលក្នុងទម្រង់នៃ OPEC + ដែលជាស្ថាប័នពាក់ព័ន្ធ ដែលមានសមាជិក OPEC ចំនួន ១៣ និងប្រទេសនាំចេញប្រេងសំខាន់ៗចំនួន ១០របស់ពិភពលោកមិនមែន OPEC ដើម្បីធានាស្ថិរភាពនៃថាមពលពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
