ព័ត៌មានអន្តរជាតិ

Update: ឆ្លើយតបនឹងការអះអាងថា រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរ តំណាងក្រុងមូស្គូថា រុស្ស៊ីប្រើតែអាវុធធម្មតាប៉ុណ្ណោះនៅក្នុងសង្គ្រាមអ៊ុយក្រែន

បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានច្រានចោលការ អះអាងដែលថា ទីក្រុងមូស្គូអាចងាក ទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រក្នុងប្រទេសអ៊ុយក្រែន ។ លោក Lavrov ត្រូវបានចោទសួរលើបញ្ហានេះ ក្នុងអំឡុងពេលបទសម្ភាសន៍ ដ៏ទូលំទូលាយជាមួយ India Today នៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលអ្នកកាសែត លើកឡើងថា “ប្រធានាធិបតី Zelensky បាននិយាយថា រុស្ស៊ីមានផែនការប្រើប្រាស់អាវុធយុទ្ធសាស្ត្រ” នោះ ត្រូវបានរដ្ឋមន្ត្រីការបរទេសរូបនេះ ឆ្លើយកាត់ភ្លាមថា “គាត់និយាយរឿងជាច្រើន ។

លោកបានរំលឹកថា រុស្ស៊ីមិនដែលនិយាយពីការប្រើប្រាស់ អាវុធនុយក្លេអ៊ែរជាជម្រើសក្នុងអំឡុង ពេលប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសជិតខាងនោះទេ ហើយមេដឹកនាំអ៊ុយក្រែន គឺជាមនុស្សតែម្នាក់គត់ដែលនិយាយអំពីរឿងនេះ។

លោក Lavrov បានបន្ថែមថា “ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយ [លើ] អ្វីមួយ ដែលមនុស្សមិនគ្រប់លក្ខណ៍និយាយបានឡើយ”។ លោក Lavrov បានរំលឹកឡើងវិញនូវគោល គំនិតថា “មិនអាចមានអ្នកឈ្នះនៅក្នុងសង្គ្រាមនុយក្លេអ៊ែរទេ” ហើយបានធានាថា រុស្ស៊ីនឹងពឹងផ្អែកតែលើអាវុធ ធម្មតានៅក្នុងអ៊ុយក្រែនប៉ុណ្ណោះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top