ព័ត៌មានអន្តរជាតិ

Updated៖ ប្រធានាធិបតីអ៊ុយក្រែន អរគុណដល់ EU ដែលគាំទ្រដល់អ៊ុយក្រែន ស្របពេលមានជម្លោះជាមួយរុស្ស៊ី

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ដោយបានកោតសរសើរ ដល់សហភាពអឺរ៉ុប ហៅកាត់ថា (EU) សម្រាប់ការគាំទ្រដល់អ៊ុយក្រែន ស្របពេលមានជម្លោះជាមួយរុស្ស៊ី ។ ក្រុមសេវាសារព័ត៌មានរបស់លោក Zelensky បានរាយការណ៍ឲ្យដឹង ។

លោក Zelensky បានថ្លែងថា “ដៃគូអឺរ៉ុបបានរួមចំណែកយ៉ាងសំខាន់ ចំពោះសមត្ថភាពយោធារបស់យើង” ។ ជាពិសេស លោកបានថ្លែងអំណរគុណ ដល់សហភាពអឺរ៉ុប ដែលបានបែងចែកថវិកាចំនួន ១,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ១,៦៣ពាន់លានដុល្លារអាមេរិក នៅក្នុងមូលនិធិសន្តិភាពអឺរ៉ុប ដើម្បីផ្តល់ហិរញ្ញប្បទានដល់ តម្រូវការយោធារបស់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន ។

ក្រៅពីនេះ លោក Zelensky បានកោតសរសើរសហភាពអឺរ៉ុប សម្រាប់ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងបានអំពាវនាវឱ្យពង្រឹង វិធានការរឹតត្បិតដោយការដាក់ទណ្ឌកម្ម ថាមពលពេញលេញលើប្រទេសរុស្ស៊ី រួមទាំងការនាំចូលប្រេង និងឧស្ម័ន។

សម្រាប់ផ្នែករបស់គាត់ លោក Michel បានលើកថា សហភាពអឺរ៉ុបបានអនុម័តការ សម្រេចចិត្តផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន រួមទាំងឧបករណ៍ និងសព្វាវុធ នៅក្នុងថ្ងៃដំបូងនៃជម្លោះនេះ ។

លោក Michel បានលើកឡើងថា លើសពីនេះ រដ្ឋជាសមាជិកសហភាពអឺរ៉ុប បានផ្តល់ជំនួយក្នុងកម្រិតទ្វេភាគី តាមសំណើរបស់រដ្ឋអ៊ុយក្រែន ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានលើកឡើងថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើង អាចធ្វើបានដើម្បីឱ្យអ៊ុយក្រែនឈ្នះ ព្រោះយើងចង់បានជ័យជំនះ របស់អ៊ុយក្រែន” ។

នៅថ្ងៃបន្ទាប់ លោក Michel បានបង្ហោះសារថា EU នឹងបង្កើតមូលនិធិមួយឈ្មោះថា “ Solidarity Trust” ដើម្បីជួយអ៊ុយក្រែនក្នុងការ ស្តារឡើងវិញក្រោយជម្លោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top