បរទេស៖ ឆ្លើយតបទៅនឹងទណ្ឌកម្ម សេដ្ឋកិច្ចដោយសហរដ្ឋអាមេរិក នាពេលកន្លងមកដែលមានបំណងប្រឆាំង ទៅនឹងមន្ត្រីរដ្ឋាភិបាលរុស្សី និងក្រុមគ្រួសារនោះប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង ទៅនឹងបុគ្គលអាមេរិកមានឥទ្ធិពលចំនួន ២៩នាក់វិញ ដែលក្នុងនោះមានរួមទាំងលោក Mark Zuckerberg ស្ថាបនិករបស់ Facebook និងលោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ផងដែរ។
ក្រសួងការបរទេសរុស្សីបានបញ្ជាក់ថា បណ្តាក្រុមប្រធានប្រតិបត្តិ និងក្រុមអ្នកធ្វើជំនួញអ្នកកាសែត អ្នកជំនាញជាច្រើនទៀតដែលស្ថិតនៅ ក្នុងបញ្ជីត្រូវបានហាមឃាត់មិនឲ្យ ធ្វើដំណើរចូលមកប្រទេសរុស្សីឡើយ។
គួរឲ្យដឹងដែរថា ក្រៅតែពីលោក Zuckerberg ហើយនោះទីក្រុងមូស្គូ ក៏មានបញ្ចូលឈ្មោះប្រធានប្រតិបត្តិរបស់ LinkedIn លោក Ryan Roslansky និងក៏ដូចជាប្រធានក្រុមហ៊ុន និងប្រធានប្រតិបត្តិ ក្រុមហ៊ុនផលិតអាវុធអាមេរិក ជាច្រើនទៀតដូចជាក្រុមហ៊ុន Northrop Grumman, General Dynamics, L3 Harris Technologies, Leidosនិង Booz Allen Hamilton ផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី