បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងស្ថិតនៅក្នុងចក្រភពអង់គ្លេស ដើម្បីហ្វឹកហាត់ពីរបៀបប្រតិបត្តិការរថពាសដែក ដែលទីក្រុងឡុងដ៍ផ្តល់ទៅឱ្យទីក្រុងគីវ ចំពេលមានជម្លោះជាមួយរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Johnson កាលពីថ្ងៃព្រហស្បតិ៍ អំឡុងពេលទស្សនកិច្ចនៅប្រទេសឥណ្ឌាថា «ខ្ញុំអាចនិយាយបានថាបច្ចុប្បន្នយើងកំពុងបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែននៅប្រទេសប៉ូឡូញ ក្នុងការប្រើប្រាស់ប្រព័ន្ធការពារប្រឆាំងយន្តហោះ ហើយតាមពិតនៅចក្រភពអង់គ្លេសក្នុងការប្រើប្រាស់រថពាសដែក” ។
យ៉ាងណាក៏ដោយ លោកមិនបាននិយាយថា តើទាហានអ៊ុយក្រែនប៉ុន្មាននាក់ បច្ចុប្បន្ននៅក្នុងចក្រភពអង់គ្លេស ឬនៅទីណាពិតប្រាកដក្នុងប្រទេសដែលពួកគេស្ថិតនៅនោះទេ។
ប្រភពការពារជាតិបានប្រាប់សារព័ត៌មាន Guardian ថា ការបណ្តុះបណ្តាលដើម្បីដំណើរការផ្នែករឹងយោធាជាធម្មតាចំណាយពេលពីរបីសប្តាហ៍៕ប្រែសម្រួលៈ ណៃ តុលា