ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន នឹងជួបលោក ពូទីន ក្នុងទស្សនកិច្ចទីក្រុងម៉ូស្គូ នៅថ្ងៃទី២៦ ខែមេសា

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនៅថ្ងៃទី២៦ ខែមេសា ហើយនឹងត្រូវបានទទួលដោយលោកប្រធានាធិបតីរុស្ស៉ី Vladimir Putin ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានឲ្យដឹងថា អគ្គលេខាធិការនឹងមាន “កិច្ចប្រជុំការងារ និងអាហារថ្ងៃត្រង់” ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ។

លោក Dujarric បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រធានអង្គការសហប្រជាជាតិ បានផ្ញើលិខិតដាច់ដោយឡែកពីគ្នានៅរសៀលថ្ងៃអង្គារ ទៅកាន់បេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ី និងអ៊ុយក្រែនទៅកាន់អង្គការសហប្រជាជាតិ ដោយស្នើសុំឱ្យលោក Putin ទទួលលោកនៅទីក្រុងមូស្គូ និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ឱ្យទទួលលោកនៅទីក្រុងគៀវ។

លោក Dujarric បានលើកឡើងថា “អគ្គលេខាធិការបានលើកឡើងថា នៅពេលគ្រោះថ្នាក់ និងផលវិបាកដ៏ធំធេងនេះ លោកចង់ពិភាក្សាអំពីជំហានបន្ទាន់ ដើម្បីនាំមកនូវសន្តិភាពនៅអ៊ុយក្រែន និងអនាគតនៃពហុភាគីនិយម ដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ” ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា “លោកបានកត់សម្គាល់ថា ទាំងអ៊ុយក្រែន និងសហព័ន្ធរុស្ស៊ី គឺជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ ហើយតែងតែជាអ្នកគាំទ្រដ៏រឹងមាំនៃអង្គការនេះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top