ព័ត៌មានអន្តរជាតិ

បេសកកម្ម IAEA នឹងទស្សនកិច្ច ទៅកាន់ថាមពល នុយក្លេអ៊ែរ Chernobyl របស់ប្រទេស អ៊ុយក្រែន

គៀវ ៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានឲ្យដឹងថា បេសកកម្មអ្នកជំនាញ របស់ខ្លួននឹងធ្វើដំណើរ ទៅកាន់រោងចក្រ ថាមពលនុយក្លេអ៊ែរ Chernobyl របស់ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៦ ខែមេសា ដើម្បីជួយធានាសុវត្ថិភាព របស់រោងចក្រនេះ ។

អគ្គនាយក IAEA លោក Rafael Mariano Grossi នឹងដឹកនាំបេសកកម្ម “ប្រគល់ ឧបករណ៍សំខាន់ៗ និងធ្វើការវាយតម្លៃ វិទ្យុសកម្ម និងការវាយតម្លៃផ្សេងទៀត” នៅរោងចក្រ Chernobyl នេះបើយោងតាមសេចក្តី ថ្លែងការណ៍របស់ទីភ្នាក់ងារនេះ ។

អ្នកជំនាញ IAEA ក៏នឹងជួសជុល ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាព ពីចម្ងាយនៅរោងចក្រនេះផងដែរ ដែលមិនត្រូវបានបញ្ជូន ទិន្នន័យទៅកាន់ទីស្នាក់ការ កណ្តាល របស់ទីភ្នាក់ងារនៅទីក្រុងវីយែន ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

លោក Grossi បានលើកឡើងថា “វត្តមានរបស់ IAEA នៅ Chernobyl នឹងមានសារៈសំខាន់បំផុត សម្រាប់សកម្មភាពរបស់យើង ក្នុងការជួយដល់ប្រទេស អ៊ុយក្រែន ខណៈដែលវាស្វែងរកការ ស្តារការគ្រប់គ្រង រោងចក្រឡើងវិញ និងធានានូវប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព និងសុវត្ថិភាពរបស់វា” ដោយបន្ថែមថា ទីភ្នាក់ងារនេះ នឹងបញ្ជូន បេសកកម្មបន្ថែមទៀត ទៅកាន់ Chernobyl និង កន្លែងនុយក្លេអ៊ែរផ្សេងទៀត នៅអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ IAEA បានឱ្យដឹងថា កងកម្លាំងរុស្ស៊ី បានគ្រប់គ្រងរោងចក្រ Chernobyl អស់រយៈពេល ៥សប្តាហ៍មុនពេលដក ចេញនៅថ្ងៃទី៣១ ខែមីនា ។

រោងចក្រ Chernobyl ស្ថិតនៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រ ភាគខាងជើង នៃរដ្ឋធានីគៀវ របស់អ៊ុយក្រែន បានទទួលរង នូវឧបទ្ទវហេតុនុយក្លេអ៊ែរ ដ៏អាក្រក់បំផុតមួយ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៦ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top