បរទេស៖ លោកស្រី Marine Le Pen បានទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងកាលពីល្ងាចថ្ងៃអាទិត្យ ប៉ុន្តែនៅតែពណ៌នាអំពីលទ្ធផលរបស់លោកស្រីថា ជាការតំណាងឲ្យ«ជ័យជម្នះដ៏ភ្លឺចែងចាំងក្នុងខ្លួនឯង»។ នៅក្នុងជុំទីពីរ បេក្ខជនមកពីគណបក្សស្តាំនិយមជ្រុល National Rally ត្រូវបានចាញ់ដោយប្រធានាធិបតីដែលកំពុងកាន់អំណាច គឺលោក Emmanuel Macron ដែលប្រកាន់និន្នាការកណ្តាល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីការប្រកាសចេញពីការបោះឆ្នោតលើកដំបូង លោកស្រី Le Pen បាននិយាយថា លោកស្រីមិនមានអ្វីត្រូវតវ៉ាឡើយ។
លោកស្រីបានថ្លែងមុនពេលថ្លែងអំណរគុណចំពោះអ្នកទាំងអស់ដែលបានគាំទ្រលោកស្រីក្នុងការបោះឆ្នោតទាំងពីរជុំថា «ខ្ញុំមិនមានការអន់ចិត្ត ឬជូរចត់ទេ»។ បេក្ខជនឈរឈ្មោះក៏បានស្នើឲ្យអ្នកគាំទ្ររបស់លោកស្រី បោះឆ្នោតឲ្យគណបក្សរបស់លោកស្រី ក្នុងការបោះឆ្នោតសភានារដូវក្តៅខាងមុខផងដែរ៕ប្រែសម្រួលៈ ណៃ តុលា