ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ច អឺរ៉ុប រងការវាយប្រហារ យ៉ាង ខ្លាំងពីទណ្ឌកម្ម

ព្រុចសែល៖ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសរុបចំនួន ៥ ជុំលើរុស្ស៊ី ចាប់តាំងពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងប្រហែលពីរខែមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទណ្ឌកម្ម ដែលមានគោលបំណង ធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ី ធ្លាក់ចុះនោះ មិនបានសម្រេចផល ដែលចង់បាន ឡើយ។ ជំនួសមកវិញ វិធានការដាក់ទណ្ឌកម្ម កំពុងស៊ីសាច់ហុតឈាម ទៅក្នុងសេដ្ឋកិច្ចអឺរ៉ុប ដោយបន្ថែមហានិភ័យ នៃការជាប់គាំងបន្ថែមទៀត។

នៅក្នុងជុំចុងក្រោយ នៃទណ្ឌកម្មរបស់ខ្លួន សហភាពអឺរ៉ុប បានសម្រេចចិត្តដាក់ទណ្ឌកម្មលើការនាំចូលធ្យូងថ្ម ពីប្រទេសរុស្ស៊ី និងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រេង និងឧស្ម័នធម្មជាតិរបស់រុស្ស៊ី ដែលធ្វើឲ្យការផ្គត់ផ្គង់ថាមពល ធ្លាក់ចុះនៅក្នុងប្លុកនេះ។

ជាលទ្ធផលតម្លៃឧស្ម័នធម្មជាតិ បានហក់ឡើងខ្ពស់ ហើយកំពុងឡើងថ្លៃ ជាប្រវត្តិសាស្ត្រ នៅអឺរ៉ុប ។ ប្រទេសនៅអឺរ៉ុបមួយចំនួន កំពុងដុតធ្យូងថ្មបន្ថែមទៀត ដើម្បីបង្កើតអគ្គិសនី ដែលជាការថយក្រោយ នៃការផ្លាស់ប្តូរពណ៌បៃតង ដ៏មហិមារបស់អឺរ៉ុប ។

យោងតាមកិច្ចព្រមព្រៀងបៃតង របស់អឺរ៉ុប សហភាពអឺរ៉ុប មានគោលបំណងកាត់បន្ថយការបំភាយឧស្ម័នយ៉ាងច្រើន ដើម្បីឱ្យវាអាចមានអព្យាក្រឹត អាកាសធាតុនៅឆ្នាំ២០៥០ ។

ទន្ទឹមនឹងនេះដែរ សហភាពអឺរ៉ុប កំពុងព្យាយាមធានាការផ្គត់ផ្គង់ ថាមពលពីប្រទេសផ្សេងៗ ។ ប្រទេសរួមទាំងប្រទេសអាល្លឺម៉ង់ កំពុងរៀបចំសម្រាប់ការនាំចូល ឧស្ម័នធម្មជាតិរាវ (LNG) បន្ថែមទៀតពីសហរដ្ឋអាមេរិក ដោយការសាងសង់ស្ថានីយ LNG ថ្មី និងការពង្រីកកន្លែងស្តុកទុក ។

កិច្ចខិតខំប្រឹងប្រែង របស់សហភាពអឺរ៉ុប ដើម្បីផ្តាច់ខ្លួនពីថាមពលរបស់រុស្ស៊ី បានធ្វើឱ្យវាស្ទើរតែគ្មានឯករាជ្យភាព ថាមពលនៅពេលនេះ ដែលសហភាពអឺរ៉ុប ត្រូវទិញផលិតផលថាមពលបន្ថែមទៀត ពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ក្នុងតម្លៃខ្ពស់ជាងច្រើន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top