បរទេស៖ អ្នកនាំពាក្យរបស់ប្រធានាធិបតី បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បានជួបពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ។
យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណើរទស្សនកិច្ចលើកដំបូង របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែននេះ បានកើតឡើង ខណៈដែលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានចូលដល់ខែទីបី។
អ៊ុយក្រែនបានអញ្ជើញរុស្ស៊ី ឱ្យជួបពិភាក្សានៅជិតរោងចក្រដែក Azovstal របស់ទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ដែលជាកន្លែងកាន់កាប់ចុងក្រោយ របស់ទាហាន និងជនស៊ីវិលអ៊ុយក្រែននៅក្នុងទីក្រុង ដែលត្រូវបានបំផ្លិចបំផ្លាញ ដែលភាគច្រើនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងម៉ូស្គូ។
លោក Oleksiy Arestovych ជំនួយការរបស់ប្រធានាធិបតី Volodymyr Zelensky មានប្រសាសន៍ថា “យើងបានអញ្ជើញភាគីរុស្ស៊ី ឱ្យធ្វើកិច្ចចរចាពិសេសមួយនៅនឹងកន្លែងនៅជាប់នឹងជញ្ជាំងនៃ Azovstal” ។ អភិបាលតំបន់ Donetsk លោក Pavlo Kyrylenko និយាយថា ជនស៊ីវិល ៥ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ និង ៥ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងតំបន់ភាគខាងកើត៕