ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង ផ្ញើសារអបអរសាទរលោក ម៉ាក្រុង ដែលជាប់ឆ្នោតជាប្រធានាធិបតី បារាំងឡើងវិញ 

ប៉េកាំង៖ ប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង នៅថ្ងៃ​ចន្ទ​នេះបាន​ផ្ញើ​សារ​អបអរសាទរ​ទៅ​កាន់​លោក Emmanuel Macron ក្នុង​ការ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បារាំង​ឡើង​វិញ ​នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសាររបស់គាត់ លោក ស៊ី បានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-បារាំង បានរក្សាបាននូវកម្រិតខ្ពស់នៃការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋទាំងពីរ។

ភាគីទាំងពីរបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ រួមគ្នាលើកកម្ពស់ពហុភាគីនិយម និងធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចសកល បញ្ចូលកម្លាំងជំរុញថ្មីដល់ការអភិវឌ្ឍទំនាក់ទំនងចិន-សហភាពអឺរ៉ុប និងការរួមចំណែកថ្មីដល់សន្តិភាពពិភពលោក។

ដោយកត់សម្គាល់ថា ទាំងចិន និងបារាំង គឺជាប្រទេសធំៗដែលមានប្រពៃណីរក្សាឯករាជ្យ លោកស៊ីបានលើកឡើងថា សារៈសំខាន់ជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-បារាំងកាន់តែមានភាពលេចធ្លោ ខណៈដែលស្ថានភាពអន្តរជាតិកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញ។

លោក ស៊ី បានបន្ថែមថា លោកតែងតែមើលទំនាក់ទំនងទ្វេភាគីពីទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង ហើយត្រៀមខ្លួនជាស្រេចក្នុងការបន្តធ្វើការជាមួយលោកម៉ាក្រុង ដើម្បីរក្សានូវសេចក្តីប្រាថ្នាដើមនៃការបង្កើតទំនាក់ទំនងការទូតដែលបង្ហាញពីឯករាជ្យ ការយោគយល់គ្នា ការគិតទុកជាមុន ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។ លទ្ធផល ធ្វើការរួមគ្នាដើម្បីជំរុញទំនាក់ទំនងចិន-បារាំងឡើងដល់កម្រិតថ្មី និងនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងពិភពលោកទាំងមូល៕

To Top