គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីអភិបាលក្រុង Kherson លោក Ihor Kolykhaiev ឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានរឹបអូសអគារក្រុមប្រឹក្សាក្រុង Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
លោក Kolykhaiev បានលើកឡើងថា “យប់នេះក្រុមប្រដាប់អាវុធបានចូល ទៅក្នុងអគារនៃក្រុមប្រឹក្សាក្រុង Kherson យកសោរហើយជំនួសឆ្មាំរបស់យើង ដោយរបស់ពួកគេផ្ទាល់” ។
កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែន លោក Olexandr Motuzyanyk បានលើកឡើងថា រុស្ស៊ីកំពុងរៀបចំធ្វើប្រជាមតិនៅក្នុងតំបន់ Kherson ស្តីពីការចូលរួមជាមួយរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថា ក្រុងគៀវ នឹងដកខ្លួនចេញពីការចរចាសន្តិភាព ជាមួយទីក្រុងមូស្គូ ប្រសិនបើកងកម្លាំងរុស្ស៊ី ធ្វើប្រជាមតិក្លែងក្លាយនៅតំបន់ ដែលពួកគេបានកាន់កាប់ ក្នុងប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា