បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញលោក Mateusz Morawiecki បានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញនេះហើយថា ប្រទេសរបស់លោកបានធ្វើការ បញ្ជូនរថក្រោះមួយចំនួន ទៅកាន់ប្រទេសអ៊ុយក្រែនរួចរាល់ហើយ ប៉ុន្តែដោយមិនបានបញ្ជាក់លំអិត អំពីប្រភេទនិងចំនួនរបស់វានោះឡើយ។
នេះមានន័យថា ប្រទេសប៉ូឡូញបានក្លាយទៅជា សមាជិកទី៣របស់ណាតូហើយ ដែលបានសម្រេចចិត្តក្នុងការ ផ្តល់ឲ្យនូវរថក្រោះទៅឲ្យប្រទេសអ៊ុយក្រែន តាមពីក្រោយប្រទេសឆេក និងប្រទេសស្លូវ៉ាគីនាពេលកន្លងមក ហើយកាលពីដើមខែនេះ អង់គ្លេសក៏បានបញ្ជូនរថក្រោះ ដើម្បីបំពេញចន្លោះនេះឲ្យ ទៅប៉ូឡូញរូចរាល់ហើយដែរ។
លោក Morawiecki បានថ្លែងនៅក្នុងបទសំភាសន៍ ជាមួយនឹងកាសែត Polsat News ថា៖ ប៉ូឡូញបានដឹកជញ្ជូនរថក្រោះជាច្រើន ទៅឲ្យប្រទេសអ៊ុយក្រែនរួចរាល់ហើយ ប៉ុន្តែដោយមិនចង់ឲ្យមានផលប៉ះពាល់ ដល់សុខសុវត្ថិភាព នៃពលរដ្ឋអ៊ុយក្រែននោះ យើងមិនអាចបញ្ជាក់អំពីចំនួន នៃអាវុធទាំងនោះនោះទេ។
ទោះបីជាយ៉ាងណាក្តី នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ធ្លាប់បានបង្ហើបអំពីម៉ូដេលរថក្រោះ ដែលត្រូវបញ្ចូនទៅអ៊ុយក្រែន ដោយប៉ូឡូញរួចមកហើយកាលពីសប្តាហ៍កន្លងមក ដោយបញ្ជាក់ថាក៏បានប្រគល់ រថក្រោះជំនួសមួយចំនួន ទៅឲ្យរដ្ឋាភិបាលទីក្រុង Warsaw ផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី