ព័ត៌មានអន្តរជាតិ

WHO អំពាវនាវឲ្យបន្ដការច្នៃប្រឌិត និងវិនិយោគលើការប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនចាញ់

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យបន្តការច្នៃប្រឌិត និងបង្កើនការវិនិយោគលើការ ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅមុនទិវាជំងឺគ្រុនចាញ់ ពិភពលោកកាលពីថ្ងៃចន្ទ WHO បានប្រកាសថា កុមារជាង ១លាននាក់ត្រូវបានចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺនេះ នៅក្នុងប្រទេសហ្គាណា កេនយ៉ា និងម៉ាឡាវី ដោយប្រើប្រាស់វ៉ាក់សាំងជំងឺគ្រុនចាញ់ ដំបូងគេរបស់ពិភពលោក។

ប្រសិនបើ វ៉ាក់សាំងត្រូវ បានគេដាក់ពង្រាយ យ៉ាងទូលំទូលាយ វាបានប៉ាន់ប្រមាណថា វ៉ាក់សាំងនេះ អាចសង្គ្រោះជីវិតកុមារអាហ្រ្វិកបន្ថែមពី ៤ម៉ឺននាក់ ទៅ ៨ម៉ឺននាក់ ក្នុងមួយ ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ ជំងឺគ្រុនចាញ់ពិភពលោកឆ្នាំ២០២១ របស់អង្គការសុខភាពពិភពលោក វឌ្ឍនភាពជាសកលក្នុងការ កាត់បន្ថយករណីជំងឺគ្រុនចាញ់ និងការស្លាប់បានថយចុះ ឬជាប់គាំងក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងប្រទេសដែល រងគ្រោះខ្លាំងបំផុតដោយជំងឺនេះ។

របាយការណ៍នេះបានកត់សម្គាល់ ពីតម្រូវការសម្រាប់ការបន្ត ការបង្កើតថ្មីក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍទៅជាឧបករណ៍ថ្មី ប្រសិនបើពិភពលោកចង់សម្រេច បាននូវគោលដៅឆ្នាំ២០៣០ នៃយុទ្ធសាស្ត្រជំងឺគ្រុនចាញ់ របស់អង្គការសុខភាពពិភពលោក។

ដើម្បីសម្រេចបានគោលដៅ WHO បានស្នើសុំការវិនិយោគ R&D ប្រចាំឆ្នាំជាមធ្យមចំនួន ៨៥១ លានដុល្លារអាមេរិកពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ កើនឡើងពី ៦១៩លានដុល្លារដែលបានវិនិយោគ លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ទាក់ទងនឹង ជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២០។

ក្រៅពីការវិនិយោគថ្មី WHO ក៏បានអំពាវនាវឱ្យប្រើប្រាស់ឧបករណ៍ ដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺគ្រុនចាញ់ផងដែរ។

ជាឧទាហរណ៍ ប្រទេសដែលរងគ្រោះខ្លាំងបំផុត ដោយជំងឺគ្រុនចាញ់ បាននឹងកំពុងប្រមូល និងវិភាគទិន្នន័យជំងឺគ្រុនចាញ់ ដើម្បីយល់កាន់តែច្បាស់ពីការ រីករាលដាលនៃភូមិសាស្ត្រ។ ជំនួសឱ្យការអនុវត្តវិធីសាស្រ្តដូចគ្នា ចំពោះការគ្រប់គ្រងជំងឺគ្រុនចាញ់ នៅគ្រប់ទីកន្លែង ប្រទេសទាំងនេះកំពុងពិចារណា លើការប្រើប្រាស់កញ្ចប់អន្តរាគមន៍ ដែលត្រូវបានជូនដំណឹងដោយ ទិន្នន័យក្នុងស្រុក ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top