ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសមិនទទួលស្គាល់ ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងរុស្ស៉ីនោះទេ

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានលើកឡើងថា អ៊ីរ៉ង់មិនទទួលស្គាល់ “ទណ្ឌកម្មឯកតោភាគី” ប្រឆាំងនឹងប្រទេសរុស្ស៊ីនោះទេ។

លោក Khatibzadeh បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ថា ក្នុងនាមជាប្រទេស ដែលមានគោលដៅដាក់ទណ្ឌកម្ម ឯកតោភាគីអស់រយៈពេលជាច្រើនឆ្នាំ អ៊ីរ៉ង់មិនអាចទទួលស្គាល់ ការដាក់ទណ្ឌកម្ម និងការដាក់ទណ្ឌកម្មស្រដៀងគ្នានេះ ប្រឆាំងនឹងប្រទេសដទៃទៀតនោះទេ។

ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនមែនជាអ្នកគាំទ្រសង្រ្គាម លោកបានជំរុញឱ្យមានការសន្ទនា និងការទូត ដើម្បីបញ្ចប់វិបត្តិរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យអ៊ីរ៉ង់ក៏បានឲ្យដឹងផងដែរថា សហរដ្ឋអាមេរិក បានលុកលុយប្រទេសអ៊ីរ៉ាក់ “ផ្អែកលើការកុហក” ប៉ុន្តែគ្មានប្រទេសណាដាក់ទណ្ឌកម្ម លើទីក្រុងវ៉ាស៊ីនតោននោះទេ។

អ្នកនាំពាក្យរូបនេះ បានកត់សម្គាល់ថា សហរដ្ឋអាមេរិក មិនអាចធ្វើជាប៉ូលិស ចៅក្រម គណៈវិនិច្ឆ័យ និងអ្វីគ្រប់យ៉ាង ក្នុងពិភពលោកបាននោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top