ព័ត៌មានអន្តរជាតិ

រុស្ស៉ី ផ្ញើកំណត់ទូតទៅអាមេរិក ជំរុញឲ្យបញ្ឈប់ការ បំពាក់អាវុធ ឲ្យអ៊ុយក្រែន

ម៉ូស្គូ ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានផ្ញើកំណត់ទូតមួយ ទៅកាន់សហរដ្ឋអាមេរិក ដោយអំពាវនាវ ឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយសន្តិសុខបន្ថែមដល់អ៊ុយក្រែន ដែលមានតម្លៃ ៨០០ លានដុល្លារ ដើម្បី ពង្រឹង ការការពារ ខ្លួន ប្រឆាំង នឹង ប្រតិបត្តិការ យោធា របស់រុស្ស៊ី។

លោក Antonov បានកត់សម្គាល់ថា ការសម្រេចចិត្តរបស់ទីក្រុង វ៉ាស៊ីនតោន មិនបានរួមចំណែក ក្នុងការស្វែងរកដំណោះស្រាយ ការទូតចំពោះវិបត្តិដែលកំពុងបន្តនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់សម្តីលោក Antonov ថា ប្រទេសរុស្ស៊ី “បានសង្កត់ធ្ងន់ លើការមិនអាចទទួលយកបាន នៃស្ថានភាព ដែលសហរដ្ឋអាមេរិកកំពុងបន្ថែមអាវុធចូលទៅក្នុងអ៊ុយក្រែន និងទាមទារឱ្យបញ្ចប់ការអនុវត្តនេះ” ។

លោក ឯកអគ្គរដ្ឋទូតបានលើកឡើងថា សហរដ្ឋអាមេរិកកំពុង “ធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង” និង “បន្ថែមប្រេង លើភ្លើង” ជាមួយនឹងសកម្មភាពរបស់ខ្លួន ដែលទីបំផុតបណ្តាលឱ្យមានអ្នកស្លាប់ កាន់តែច្រើនដោយសារតែការផ្គត់ផ្គង់ អាវុធរបស់ពួកគេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top