ព័ត៌មានអន្តរជាតិ

លោក ពូទីន ជួបពិភាក្សាស្តីពី បញ្ហាអ៊ុយក្រែន ជាមួយអគ្គលេខាធិការ UN

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ថា លោក ប្លាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី បានជួបពិភាក្សាជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ដែលកំពុងបំពេញទស្សនកិច្ច នៅវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន ។

លោក ពូទីន បានប្រាប់ដល់លោក Guterres ថា បញ្ហាអ៊ុយក្រែន បានកើតឡើងបន្ទាប់ពី “រដ្ឋប្រហារមិនស្របតាមរដ្ឋធម្មនុញ្ញ” ឆ្នាំ២០១៤ នៅទីក្រុងគៀវ ហើយប្រជាជននៅ Donbass នៅតែស្ថិតនៅក្រោមការបិទផ្លូវ និងសម្ពាធយោធា ទោះបីជាបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុង Minsk ស្តីពីដំណោះស្រាយសន្តិភាពត្រូវបានសម្រេចក៏ដោយ ។

យោងតាមលោកពូទីន Donbass “សាធារណរដ្ឋ” មានសិទ្ធិប្រកាសអធិបតេយ្យភាព របស់ពួកគេ ហើយរុស្ស៊ី មានសិទ្ធិទទួលស្គាល់ឯករាជ្យរបស់ពួកគេ និងផ្តល់ជំនួយយោធា ដល់ពួកគេដោយពេញលេញ ស្របតាមធម្មនុញ្ញ អង្គការសហប្រជាជាតិ។

លោកបានថ្លែងថា “ទោះបីជាប្រតិបត្តិការយោធាកំពុងបន្តក៏ដោយ យើងនៅតែសង្ឃឹមថា យើងនឹងអាចឈានដល់ កិច្ចព្រមព្រៀងលើផ្លូវការទូត ។ យើងកំពុងចរចា ហើយយើងមិនបដិសេធពួកគេនោះទេ ។

លោក Guterres បានស្នើបង្កើតក្រុមទំនាក់ទំនងមួយ ដែលអង្គការសហប្រជាជាតិ រុស្ស៊ី និងអ៊ុយក្រែន អាចពិភាក្សាអំពីស្ថានភាពជាមួយគ្នា ដូច្នេះច្រករបៀងមនុស្សធម៌ពិតជាមានប្រសិទ្ធភាព។

លោកបានលើកឡើងថា ដើម្បីដោះស្រាយស្ថានការណ៍នៅ Mariupol របស់អ៊ុយក្រែន អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រមូលផ្តុំនូវសមត្ថភាពភស្តុភារ និងធនធានមនុស្សទាំងស្រុង ដោយធ្វើការរួមគ្នាជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ហៅកាត់ថា (ICRC) ក៏ដូចជាកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងអ៊ុយក្រែន។

លោក Guterres ក៏បានថ្លែងផងដែរថា UN ត្រៀមរួចរាល់ក្នុងរយៈពេល២ឬ៣ថ្ងៃ រួមជាមួយនឹង ICRC ដើម្បីវាយតម្លៃស្ថានភាពនៅរោងចក្រ Azovstal ដើម្បីជម្លៀសជនស៊ីវិលចេញពីទីនោះ។

ជាការឆ្លើយតប លោក ពូទីន បានបដិសេធរបាយការណ៍ដែលថា ច្រករបៀងមនុស្សធម៌រុស្ស៊ី មិនដំណើរការ ហើយបានសង្កត់ធ្ងន់ថា មនុស្សពី១៣០.០០០ទៅ១៤០.០០០នាក់បានចាកចេញពីទីក្រុង Mariupol ដោយមានជំនួយពីរុស្ស៊ី ហើយពួកគេមានសេរីភាព ក្នុងការទៅកាន់គ្រប់ទីកន្លែង ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top