Covid-19

អនុប្រធានាធិបតីអាមេរិក ឆ្លងជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យរបស់លោកស្រីបានឲ្យដឹងថា អនុប្រធានាធិបតីលោកស្រី Kamala Harris បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ នៅលើការធ្វើតេស្តរហ័ស និង PCR កាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

អ្នកនាំពាក្យបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “លោកស្រីមិនបានបង្ហាញ រោគសញ្ញាអ្វីនោះទេ ហើយនឹងនៅដាច់ដោយឡែក និងបន្តធ្វើការពីលំនៅដ្ឋាន របស់អនុប្រធានាធិបតីរូបនេះ” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោកស្រី Harris អាយុ ៥៧ឆ្នាំ មិនមានទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងស្ត្រីទីមួយនោះទេ “ដោយសារតែកាលវិភាគ ធ្វើដំណើរនាពេលថ្មីៗនេះរៀងៗខ្លួន” ។

អនុប្រធានាធិបតីអាមេរិករូបនេះ នឹងធ្វើតាមការណែនាំរបស់ CDC និងការណែនាំរបស់គ្រូពេទ្យ របស់លោកស្រី ហើយនឹងត្រឡប់ទៅសេតវិមានវិញនៅពេល ដែលលោកស្រីធ្វើតេស្តឃើញថា អវិជ្ជមាន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top