ព័ត៌មានអន្តរជាតិ

សុខៗ! រុស្ស៊ីនិងអាមេរិក សម្រេចចិត្តធ្វើការដោះដូរអ្នកទោស ស្របពេលកំពុង មានភាពតានតឹងនឹងគ្នា

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ថា កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក និងរុស្ស៊ី បានផ្លាស់ប្តូរអ្នកទោស ចំពេលទំនាក់ទំនង ដ៏តានតឹងបំផុត របស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍ជុំវិញសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន ដោយអតីតទាហានម៉ារីនអាមេរិកលោក Trevor Reed ត្រូវបានដោះលែងជាថ្នូរនឹង អ្នកបើកយន្តហោះរុស្ស៊ី Konstantin Yaroshenko ។

មន្ត្រីអាមេរិកបានលើកឡើងថា ការដោះដូរនេះមិនមែនជាផ្នែកនៃកិច្ចចរចាការទូតទូលំទូលាយនោះទេ ហើយមិនតំណាងឱ្យការផ្លាស់ប្តូរ របស់អាមេរិក ក្នុងវិធីសាស្រ្តលើ អ៊ុយក្រែននោះទេ។ ទំនាក់ទំនង រុស្ស៊ី-អាមេរិក បានស្ថិតក្នុងភាពអាក្រក់បំផុត របស់ពួកគេចាប់តាំង ពីសម័យសង្រ្គាមត្រជាក់ បន្ទាប់ពីការលុកលុយ របស់រុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈមកលើអ៊ុយក្រែន និងការដាក់ទណ្ឌកម្ម របស់លោកខាងលិច ជាបន្តបន្ទាប់ មកលើទីក្រុងម៉ូស្គូ ។

អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោក Ned Price បានលើកឡើងថា លោក Reed មកពីរដ្ឋតិចសាស់ ត្រូវបានគេរំពឹងថា នឹងមកដល់សហរដ្ឋអាមេរិក វិញនៅយប់ថ្ងៃពុធ ។ មន្ត្រីជាន់ខ្ពស់អាមេរិក បានលើកឡើងថា បុរសវ័យ៣០ឆ្នាំរូបនេះមានស្មារតីល្អ ។

លោកប្រធានាធិបតី ចូ បៃដិន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយកត់សម្គាល់ ពីការព្រួយបារម្ភ របស់ឪពុកម្តាយ អំពីសុខភាពកូនប្រុសរបស់ពួកគេថា “ថ្ងៃនេះ យើងសូមស្វាគមន៍មកកាន់ផ្ទះវិញរបស់ Trevor Reed និងអបអរសាទរ ការវិលត្រឡប់របស់គាត់ ទៅកាន់គ្រួសារដែលនឹកគាត់យ៉ាងខ្លាំង” ។

លោក បៃដិន បានថ្លែងទៀតថា “ការចរចាដែលអនុញ្ញាតឱ្យយើងនាំយកលោក Trevor មកផ្ទះវិញ តម្រូវឱ្យមានការសម្រេចចិត្តដ៏លំបាកដែលខ្ញុំមិនទទួលយកគឺមិនបានទេ” ។

នៅពេលត្រូវបានសួរ នៅពេលក្រោយនៅថ្ងៃពុធ ពីរបៀប ដែលគាត់អាចលើកបញ្ហានៃការឃុំខ្លួនលោក Reed ចំពេលមានភាពតានតឹង កាន់តែខ្លាំងក្លាជាមួយរុស្ស៊ី ជុំវិញអ៊ុយក្រែន លោក បៃដិន បានថ្លែងថា “ខ្ញុំបានធ្វើវា។ ខ្ញុំបានលើកពីរឿងនេះឡើង។ ខ្ញុំបានលើកឡើងរឿងនេះ កាលពី៣ខែមុន “ ។

គួររំលឹកថ លោក Reed ត្រូវបានកាត់ទោសនៅក្នុងប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៩ ពីបទបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់មន្ត្រីប៉ូលិស២នាក់ ខណៈដែលស្រវឹងក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ ។ សហរដ្ឋអាមេរិក បានហៅការកាត់ទោស របស់លោកថា ជា “ឆាកល្ខោននៃភាពមិនទំនងទាល់តែសោះ” ៕

To Top