តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi នៅថ្ងៃពុធនេះ បានជួបពិភាក្សាជាមួយលោក Wei Fenghe ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្នុងជំនួបនោះ លោក Raisi បានអំពាវនាវឱ្យមានការពង្រីកផ្នែកនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រួមទាំងក្នុងវិស័យយោធាផងដែរ។
ប្រធានាធិបតីអ៊ីរ៉ង់បានលើកឡើងថា អ៊ីរ៉ង់ និងចិនមានជំហរស្រដៀងគ្នាក្នុងកិច្ចការអន្តរជាតិ និងគាំទ្រគ្នាទៅវិញទៅមក។
លោក Raisi បានបន្ដថា អ៊ីរ៉ង់ដែលប្រឆាំងនឹងឯកតោភាគីនិយម អនុត្តរភាព និងការជ្រៀតជ្រែកពីខាងក្រៅ គាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះប្រទេសចិនក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន ខណៈលោក Raisi បានលើកឡើងខណៈពេលដែលបង្ហាញពីការដឹងគុណ ចំពោះប្រទេសចិនសម្រាប់ការគាំទ្រ និងជំនួយរយៈពេលវែងរបស់ខ្លួនក្នុងអំឡុងពេលដ៏លំបាករបស់ប្រទេសអ៊ីរ៉ង់។
សម្រាប់ផ្នែកភាគីចិនវិញ លោក Wei បានលើកឡើងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងលោក Raisi បានផ្លាស់ប្តូរការហៅទូរសព្ទ និងសំបុត្រតាំងពីឆ្នាំមុន ដែលនាំទៅរកវឌ្ឍនភាពថ្មីក្នុងការកសាងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕ប្រែសម្រួល ឈូក បូរ៉ា