បឺលីន៖ រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃពុធបានអនុម័ត កញ្ចប់ជំនួយដ៏ទូលំទូលាយ ដែលមានតម្លៃ ៣០ពាន់លានអឺរ៉ូ (៣១,៨ ពាន់លានដុល្លារអាមេរិក) និងរួមទាំងប្រាក់ឧបត្ថម្ភ តម្លៃថាមពលមួយដង ចំនួន ៣០០អឺរ៉ូ សម្រាប់បុគ្គលិក ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃថាមពល។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឹងនៅលើបណ្ដាញ Twitter កាលពីថ្ងៃពុធថា “តម្លៃកំពុងកើនឡើង និងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ” ។ វិធានការនេះមានគោលបំណង ជួយដល់ប្រជាជន ដែលត្រូវការជំនួយ គ្រួសារ អ្នកដែលមានចំណូលទាប និងអ្នកធ្វើដំណើរ – ផ្តល់ឱ្យពួកគេនូវ “ការសង្គ្រោះជាក់ស្តែង” ។
ពន្ធលើប្រេងឥន្ធនៈ សម្រាប់យានជំនិះនឹងត្រូវកាត់បន្ថយ ជាបណ្ដោះអាសន្នចំនួន ១៤ សេនអឺរ៉ូក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត និង ៣០សេនអឺរ៉ូ សម្រាប់ប្រេងសាំង។ ដើម្បីធ្វើឱ្យការដឹកជញ្ជូនសាធារណៈ ក្នុងតំបន់កាន់តែមានតម្លៃសមរម្យ សំបុត្រពិសេសរយៈពេល ៩០ថ្ងៃ នឹងត្រូវផ្តល់ជូននៅចន្លោះខែមិថុនា ដល់ខែសីហា ដោយមានតម្លៃ ៩អឺរ៉ូក្នុងមួយខែ។
នៅក្នុងកញ្ចប់ជំនួយពីមុន ដែលមានតម្លៃ ១៥ពាន់លានអឺរ៉ូ រដ្ឋាភិបាលអាល្លឺម៉ង់ បានបង្កើនប្រាក់ឧបត្ថម្ភ គ្មានពន្ធជាមូលដ្ឋាន និងប្រាក់បំណាច់ចំងាយ សម្រាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយ។
កញ្ចប់ជំនួយចំនួនពីរ និងការចំណាយផ្សេងទៀត លើការគាំទ្រជនភៀសខ្លួនអ៊ុយក្រែន និងការផ្តល់ជំនួយសេដ្ឋកិច្ច ដល់ក្រុមហ៊ុននានា នឹងនាំមកនូវបំណុលសុទ្ធ របស់ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០២២ ដល់ ១៣៨,៩ពាន់លានអឺរ៉ូ ហើយសេចក្តីព្រាងថវិកា នៅតែត្រូវអនុម័តដោយ Bundestag ដែលជាសភាសហព័ន្ធអាល្លឺម៉ង់៕ ប្រែសម្រួល ឈូក បូរ៉ា