តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីការលុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែន ក៏ដូចជាការបង្កើន ឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់ចិន នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។
កិច្ចប្រជុំផ្ទាល់លើកដំបូង របស់ពួកគេធ្វើឡើង នៅពេលដែលប្រទេសជប៉ុន អាល្លឺម៉ង់ និងសមាជិកដទៃទៀត នៃក្រុមប្រទេសអភិវឌ្ឍន៍ធំៗ ចំនួនប្រាំពីរ បាននិងកំពុងបង្កើនសម្ពាធ លើទីក្រុងម៉ូស្គូ តាមរយៈការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចមួយចំនួន ជុំវិញសង្រ្គាម ដែលកំពុងបន្ត។
វិធានការដាក់ទណ្ឌកម្ម ដែលបានធ្វើឡើង ដើម្បីឆ្លើយតបនឹង ការលុកលុយពីថ្ងៃទ២៤ ខែកុម្ភៈ រួមមានការបង្កកទ្រព្យសម្បត្តិ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងធនាគារកណ្តាលរុស្ស៊ី ក៏ដូចជាការមិនរាប់បញ្ចូល អ្នកផ្តល់ប្រាក់កម្ចីរុស្ស៊ីធំៗ មួយចំនួន ពីបណ្តាញទូទាត់អន្តរជាតិសំខាន់ៗ ដែលគេស្គាល់ថា SWIFT។
មន្ត្រីជប៉ុនបានឲ្យដឹងថាលោក Kishida និងលោក Scholz ក៏ត្រូវបានគេរំពឹងថា នឹងបន្តការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការលើកកម្ពស់ “ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ” ដែលជាគំនិតផ្តួចផ្តើមមួយ ដើម្បីប្រឆាំងនឹងឥទ្ធិពល ដែលកំពុងកើនឡើង របស់ចិន នៅក្នុងតំបន់។
ជំនួសលោកស្រី Angela Merkel ដែលបានបម្រើការនៅក្នុង មុខតំណែងអស់រយៈពេល ១៦ឆ្នាំ លោក Scholz បានក្លាយជាមេដឹកនាំអាល្លឺម៉ង់នៅក្នុងខែធ្នូ ហើយត្រូវបានគេមើលឃើញ យ៉ាងទូលំទូលាយថា កំពុងប្រកាន់យកបន្ទាត់តឹងរ៉ឹង លើប្រទេសចិនជាងអ្នកកាន់តំណែង មុនរបស់លោក ដែលបានលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច កាន់តែជិតស្និទ្ធ ជាមួយទីក្រុងប៉េកាំង៕
ប្រែសម្រួល ឈូក បូរ៉ា