ព័ត៌មានអន្តរជាតិ

តម្លៃប្រេងឡើងថ្លៃ ខណៈពាណិជ្ជករ វាយតម្លៃ ពីលទ្ធភាព នៃការហាមប្រាម របស់អឺរ៉ុប លើប្រេងរុស្ស៊ី

ព្រុចសែល ៖ តម្លៃប្រេងបានឡើងថ្លៃ កាលពីថ្ងៃព្រហស្បតិ៍ ខណៈពាណិជ្ជករ បាននិងកំពុងថ្លឹងថ្លែង ពីការរំពឹងទុក នៃការហាមឃាត់ របស់សហភាព អឺរ៉ុប លើការនាំចូលប្រេងពីរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

The West Texas Intermediate សម្រាប់ការចែកចាយខែមិថុនា បានបន្ថែម ៣,៣៤ ដុល្លារ ឬ ៣,៣ភាគរយ មកទូទាត់នៅតម្លៃ ១០៥,៣៦ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែមិថុនា បានកើនឡើង ២,២៧ ដុល្លារ ឬ ២,២ ភាគរយ មកបិទនៅតម្លៃ ១០៧,៥៩ ដុល្លារក្នុងមួយបារ៉ែលនៅលើ ផ្សារហ៊ុន London ICE Futures Exchange ។

ការកើនឡើងនេះ បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ថា ប្រទេសអាល្លឺម៉ង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់ការទិញប្រេងឆៅពីរុស្ស៊ី ដោយជម្រះផ្លូវ សម្រាប់ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ សម្តីមន្ត្រីរដ្ឋាភិបាលថា តំណាងអាល្លឺម៉ង់ ទៅកាន់ស្ថាប័ន សហភាពអឺរ៉ុប បានដកការ ជំទាស់ ចំពោះការដាក់ទណ្ឌកម្មទាំងស្រុង នៃការផ្គត់ផ្គង់របស់រុស្ស៊ី ដែលផ្តល់ឱ្យទីក្រុងប៊ែកឡាំង ត្រូវបានផ្តល់ពេលវេលា គ្រប់គ្រាន់ ដើម្បីស្វែងរកការ​ផ្គត់ផ្គង់ជំនួស៕

ប្រែសម្រួល ឈូក បូរ៉ា​

To Top