រីយ៉ូ៖ ប្រទេសប្រេស៊ីលបានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៩៩១៦ករណី និងការស្លាប់ដែលពាក់ព័ន្ធចំនួន១១៤នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបង្កើនចំនួនជាតិដល់ ៣០,៤១៨,៩២០ករណី និងស្លាប់ ៦៦៣,២២៥នាក់រៀងគ្នា នេះបើយោងតាមក្រសួងសុខាភិបាល។
រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល Marcelo Queiroga បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃទី២២ ខែមេសា បញ្ចប់ភាពអាសន្នផ្នែកសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលចូលជាធរមានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ដោយសារការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការស្លាប់ និងករណីជំងឺកូវីដ-១៩ បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមករាមក។ ចំនួនកំណត់ត្រានៃការឆ្លងត្រូវបានរាយការណ៍ដោយសារតែការរីករាលដាលនៃទម្រង់ឆ្លងអូមីក្រុង ។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រជាជនប្រេស៊ីលប្រហែល ១៦៣,៨ លាននាក់ ឬ ៧៦,២ ភាគរយនៃចំនួនប្រជាជនត្រូវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងជំងឺកូវីដ-១៩ហើយមនុស្ស ៨៥,៧ លាននាក់បានទទួលការចាក់ថ្នាំបង្ការ។
គួរបញ្ជាល់ថា ប្រទេសប្រេស៊ីល មានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេលំដាប់ទី៣ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា និងជាប្រទេសដែលមានករណីស្លាប់ច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក៕ប្រែសម្រួល ឈូក បូរ៉ា