ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន និងប្រធានាធិបតីអ៊ុយក្រែន ជួបពិភាក្សាគ្នា ជុំវិញការជម្លៀសជនស៊ីវិល នៅទីក្រុង Mariupol 

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជួបពិភាក្សាអំពីការជម្លៀសប្រជាជនចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី។

អ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សាបន្ទាន់ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុង Mariupol ហើយសង្ឃឹមថា ការចូលរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងបេសកកម្មនេះនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងជម្លៀសនេះ។

លោក Zelensky បានលើកឡើងថា “យើងឃើញថា ទោះបីជាមានពាក្យសម្តីរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន អំពីការបញ្ឈប់អរិភាពក្នុងទីក្រុង Mariupol ក៏ដោយ ក៏ទឹកដីនៃរោងចក្រ Azovstal គឺស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងព្រៃផ្សៃដោយកងទ័ពរុស្ស៊ី”។

លោកក៏បានអំពាវនាវដល់ប្រធានអង្គការសហប្រជាជាតិ ឱ្យខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ “ការនិរទេស” ពលរដ្ឋអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី និងត្រឡប់មកប្រទេសអ៊ុយក្រែនវិញពីប្រទេសរុស្ស៊ី៕ប្រែសម្រួល ឈូក បូរ៉ា

To Top