បរទេស៖ ប្រទេសប៉ូឡូញ បានប្រកាសសមយុទ្ធយោធាដ៏ធំមួយ នាពេលខាងមុខ ដោយប្រាប់ប្រជាជនអំពី ការកើនឡើងនៃចរាចរណ៍ និង “ការចល័តរបស់រថយន្តយោធា” ដែលផ្លាស់ទីនៅទូទាំងប្រទេស។ យោធាប៉ូឡូញបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែឧសភា ហើយបន្តរហូតដល់ចុងខែ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមយោធាប៉ូឡូញថា “រថយន្តយោធានឹងត្រូវចល័ត នៅលើផ្លូវហាយវេ ផ្លូវល្បឿនលឿន និងផ្លូវជាតិ”។
សូមជម្រាបថា សេចក្តីប្រកាសអំពីការ ធ្វើសមយុទ្ធនេះធ្វើឡើង នៅពេលដែលនាយកសេវា ស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) លោក Sergey Naryshkin បានចោទប្រកាន់ទីក្រុង Warsaw របស់ប៉ូឡូញ ពីការរៀបចំដើម្បីកាន់កាប់ផ្នែកខាងលិច របស់ប្រទេសអ៊ុយក្រែន ដែលប៉ូឡូញចាត់ទុកថាជា “កម្មសិទ្ធិប្រវត្តិសាស្ត្រ” របស់វា។ សក្តានុពល “ការបង្រួបបង្រួម” របស់ប៉ូឡូញជាមួយអ៊ុយក្រែនភាគខាងលិច នឹងកើតឡើងក្រោមការដឹកនាំនៃបេសកកម្ម “រក្សាសន្តិភាព” ទៅក្នុងប្រទេសក្រោមលេស នៃការការពារក្រុងកៀវពី “ការឈ្លានពានរបស់រុស្ស៊ី” ៕
ប្រែសម្រួលៈ ណៃ តុលា