បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Müller បាននិយាយកាលពីថ្ងៃសុក្រថា ប៉ូឡូញ បានអនុវត្តុកាតព្វកិច្ច ទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Novatek ផ្ទេរហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនរដ្ឋរបស់ប្រទេសនេះ ។
ក្រុមហ៊ុន Novatek ដែលស្ថិតនៅក្នុងបញ្ជីទណ្ឌកម្ម របស់ប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់តំបន់មួយចំនួនរបស់ប្រទេស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Müller បាននិយាយថា “ថ្ងៃនេះនាយករដ្ឋមន្រ្តី Mateusz Morawiecki បានស្នើសុំក្រុមហ៊ុនរដ្ឋ PGNiG, PSG និង Gaz-System ដើម្បីផ្គត់ផ្គង់ឧស្ម័នភ្លាមៗដល់បណ្តាញ ដែលជាកម្មសិទ្ធិជាផ្លូវការដោយ Novatek ដោយផ្អែកលើច្បាប់គ្រប់គ្រងវិបត្តិ” ។
លោកបានបន្ថែមថា តាមបញ្ជារបស់នាយករដ្ឋមន្ត្រី ក្រុមហ៊ុនបុត្រសម្ព័ន្ធ Novatek Green Energy របស់ Novatek មានកាតព្វកិច្ចផ្ទេរបណ្តាញ ទៅឱ្យក្រុមហ៊ុនទាំងនោះ ដែលបន្ទាប់មកនឹងផ្គត់ផ្គង់ ឧស្ម័នទៅឱ្យក្រុងកាត់ផ្តាច់ ៕
ប្រែសម្រួលៈ ណៃ តុលា