ព័ត៌មានអន្តរជាតិ

គីម ជុងអ៊ុន ព្រមានថា កូរ៉េខាងជើង នឹងប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើមានការគំរាមកំហែង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថាលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានព្រមានម្តងទៀតថា កូរ៉េខាងជើង អាចប្រើប្រាស់ អាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុន ប្រសិនបើមានការគំរាមកំហែង ខណៈដែលលោក បានសរសើរមន្ត្រីយោធាកំពូលរបស់លោក ជុំវិញការរៀបចំព្យុហយាត្រាយោធាដ៏ធំ នៅក្នុងរដ្ឋធានីព្យុងយ៉ាង នៅក្នុងសប្តាហ៍នេះ ។

លោក គីម បានសម្តែងនូវ “ឆន្ទៈដ៏មុតមាំ” ក្នុងការបន្តអភិវឌ្ឍយោធា ដែលបំពាក់អាវុធនុយក្លេអ៊ែររបស់គាត់ ដើម្បីឱ្យវាអាច “ទប់ស្កាត់ទុកជាមុន និងហ្មត់ចត់ និងធ្វើឱ្យមានការខកចិត្តរាល់ការប៉ុនប៉ង និងការគំរាមកំហែងដ៏គ្រោះថ្នាក់ រួមទាំងការគំរាមកំហែងនុយក្លេអ៊ែរដែលមិនធ្លាប់មានពីកងកម្លាំងអរិភាព ប្រសិនបើចាំបាច់” ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង ហៅកាត់ថា (KCNA) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះ ។

ទីភ្នាក់ងារ KCNA បានឲ្យដឹងថា លោក គីម បានហៅមន្ត្រីយោធារបស់គាត់ ដោយបានកោតសរសើរការងាររបស់ពួកគេ នៅក្នុងក្បួនដង្ហែកាលពីថ្ងៃចន្ទ ជាកន្លែងដែលកូរ៉េខាងជើងបង្ហាញអាវុធដ៏ធំបំផុត នៅក្នុងកម្មវិធីនុយក្លេអ៊ែរ របស់យោធារបស់ខ្លួន រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ដែលអាចមានសក្តានុពល បាញ់ទៅដល់សហរដ្ឋអាមេរិក និងមីស៊ីលឥន្ធនៈរឹងរយៈចម្ងាយខ្លីជាច្រើនប្រភេទ។ បង្កការគំរាមកំហែងកាន់តែខ្លាំងឡើង ចំពោះកូរ៉េខាងត្បូង និងជប៉ុន ។ ទីភ្នាក់ងារ KCNA មិនបានបញ្ជាក់ ថាតើជំនួបនោះបានប្រព្រឹត្តទៅនៅពេលណានោះទេ។

ក្បួនដង្ហែររំលឹកខួបលើកទី៩០ នៃកងទ័ពកូរ៉េខាងជើងបានធ្វើឡើង នៅគ្រាដែលលោក គីម ស្តារឡើងវិញនូវភាពធន់នឹងនុយក្លេអ៊ែ ក្នុងគោលបំណងបង្ខំ ឱ្យសហរដ្ឋអាមេរិក ទទួលយកគំនិតនៃប្រទេសរបស់គាត់ថា ជាមហាអំណាចនុយក្លេអ៊ែរ និងដកចេញនូវទណ្ឌកម្មសេដ្ឋកិច្ចដ៏អាក្រក់។

ថ្លែងទៅកាន់កងទ័ព និងអ្នកទស្សនារាប់ពាន់នាក់ ដែលបានប្រមូលផ្តុំសម្រាប់ព្រឹត្តិការណ៍នោះ លោក គីម បានប្តេជ្ញាថានឹងអភិវឌ្ឍ កងកម្លាំងនុយក្លេអ៊ែររបស់គាត់ក្នុង “ល្បឿនដ៏លឿនបំផុតដែលអាចធ្វើទៅបាន” ហើយបានគំរាមប្រើប្រាស់វា ប្រសិនបើមានការបង្កហេតុ។ គាត់បានលើកឡើងថា នុយក្លេអ៊ែរបស់គាត់នឹង “មិនដែលត្រូវបានបង្ខាំងនៅក្នុងបេសកកម្មតែមួយនៃការរារាំងសង្រ្គាម”  នៅក្នុងស្ថានភាពដែលកូរ៉េខាងជើង ប្រឈមមុខនឹងការគំរាមកំហែង ពីខាងក្រៅចំពោះ “ផលប្រយោជន៍ជាមូលដ្ឋាន” ដែលមិនបានបញ្ជាក់ច្បាស់លាស់របស់ខ្លួនឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top