កាប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថា ការបំផ្ទុះដ៏ខ្លាំងក្លាមួយ បានសម្លាប់អ្នកថ្វាយបង្គំជាង៥០នាក់ បន្ទាប់ពីការអធិស្ឋាននៅវិហារឥស្លាមមួយកន្លែង នៅទីក្រុងកាប៊ុលកាលពីថ្ងៃសុក្រ មេដឹកនាំរបស់ខ្លួនបានលើកឡើងថា នេះជាការវាយប្រហារចុងក្រោយបំផុត លើគោលដៅជនស៊ីវិលក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងខែដ៏វិសុទ្ធរបស់ម៉ូស្លីម នៃបុណ្យរ៉ាម៉ាដាន ។
លោក Besmullah Habib អ្នកនាំពាក្យរង មកពីក្រសួងមហាផ្ទៃ បានលើកឡើងថា មន្ត្រីបានបញ្ជាក់ថា ចំនួនអ្នកស្លាប់តួលេខផ្លូវការ គឺ១០នាក់ បានលើកឡើងថា ការបំផ្ទុះបានវាយប្រហារវិហារអ៊ីស្លាម Khalifa Sahib នៅភាគខាងលិចនៃរដ្ឋធានី នៅរសៀលថ្ងៃដដែលនេះ ។
ការវាយប្រហារនេះ បានកើតឡើងនៅគ្រាដែលពួកអ្នកគោរពបូជា នៅវិហារឥស្លាមនិកាយស៊ុននីបានប្រមូលផ្តុំគ្នាបន្ទាប់ពីការអធិស្ឋាន កាលពីថ្ងៃសុក្រសម្រាប់ក្រុមជំនុំដែលគេស្គាល់ថា Zikr ដែលជាសកម្មភាពនៃការរំលឹកសាសនា ដែលអនុវត្តដោយអ្នកកាន់សាសនាឥស្លាមមួយចំនួន ប៉ុន្តែត្រូវបានគេមើលឃើញថា ជាការខុសឆ្គងដោយក្រុមស៊ុននីនិយមមួយចំនួន ។
លោក Sayed Fazil Agha ប្រធានវិហារឥស្លាម បានលើកឡើងថា នរណាម្នាក់ដែលពួកគេជឿថា ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានចូលរួមជាមួយពួកគេ នៅក្នុងពិធី និងបំផ្ទុះគ្រឿងផ្ទុះឡើងតែម្តង ។
គាត់បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuter ថា “ផ្សែងខ្មៅបានហ៊ុយឡើង និងរាលដាលគ្រប់ទីកន្លែង សាកសពមាននៅគ្រប់ទីកន្លែង” គាត់បានប្រាប់ទីភ្នាក់ងារនេះទៀតថា ក្មួយប្រុសរបស់គាត់ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនេះដែរ ។ “ខ្ញុំខ្លួនឯងបានរួចជីវិត ប៉ុន្តែបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្ញុំ” ។
អ្នកស្រុក Mohammad Sabir បានឲ្យដឹងថា គាត់បានឃើញអ្នករបួស ត្រូវបានគេដាក់ចូលទៅក្នុងរថយន្តសង្គ្រោះបន្ទាន់ ។
គាត់បានលើកឡើងថា “សំឡេងផ្ទុះខ្លាំងណាស់ ខ្ញុំគិតថាត្រចៀកខ្ញុំប្រេះទៅហើយ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា