បរទេស៖ អង្គការណាតូកំពុងរៀបចំ គាំទ្រអ៊ុយក្រែន “សម្រាប់រយៈពេលយូរ” ដរាបណាជម្លោះយោធាជាមួយរុស្ស៊ី នឹងអូសបន្លាយយូរ ទោះបីជាវាមានរយៈពេលជាច្រើនខែ និងច្រើនឆ្នាំក៏ដោយ។ នេះបើតាមអគ្គលេខាធិការនៃប្លុកយោធា លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់កិច្ចប្រជុំកំពូល យុវជននៅទីក្រុងប្រ៊ុចសែល លោក Stoltenberg បានអះអាងថា វាស្ថិតនៅក្នុងដៃរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ឈប់សកម្មភាពយោធា នៅពេលដែលគាត់ “ចាប់ផ្តើមសង្រ្គាម”។ ដូច្នេះហើយ លោក Stoltenberg បាននិយាយថា បណ្តាប្រទេសលោកខាងលិចនឹងបន្ត “ដាក់សម្ពាធជាអតិបរិមាលើប្រធានាធិបតី ពូទីន ដើម្បីបញ្ចប់សង្រ្គាម” ដោយដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ និងតាមរយៈការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងយោធាដល់អ៊ុយក្រែន។
ប្រមុខអង្គការណាតូរូបនេះបានពន្យល់ថា “វាជាស្ថានភាពដែល មិនអាចទាយទុកជាមុនបាន និងជាស្ថានភាពផុយស្រួយ ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែពិតណាស់ វាអាចមានលទ្ធភាពដែលសង្រ្គាមនេះ នឹងបន្តអូសបន្លាយរយៈពេលជាច្រើនខែ និងច្រើនឆ្នាំ”។

លោក Stoltenberg បាននិយាយទៀតថា ដោយពិចារណាលើការពិតនេះ ប្លុក និងសម្ព័ន្ធមិត្តរបស់ខ្លួន “កំពុងរៀបចំផ្តល់ការគាំទ្រក្នុងរយៈពេលយូរ ហើយថែមទាំងជួយអ៊ុយក្រែនឱ្យឆ្លងកាត់ ឬផ្លាស់ប្តូរឧបករណ៍ពីសម័យសូវៀតចាស់ ទៅជាអាវុធ និងប្រព័ន្ធស្ដង់ដាររបស់ណាតូ ដែលមានភាពទំនើបជាង” ៕
ប្រែសម្រួលៈ ណៃ តុលា
