គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា អនុរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ី បានលួចគ្រាប់ធញ្ញជាតិ “រាប់សែនតោន” នៅក្នុងតំបន់នៃប្រទេសអ៊ុយក្រែន ដែលពួកគេបានកាន់កាប់ ។
ថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ អ៊ុយក្រែន លោក Taras Vysotskiy បានសម្តែងការព្រួយបារម្ភថា ភាគច្រើននៃអ្វីដែលលោកបានលើកឡើងថា គឺ គ្រាប់ធញ្ញជាតិ១,៥លានតោន ដែលរក្សាទុកក្នុងទឹកដីកាន់កាប់ ក៏អាចត្រូវបានលួច ដោយកងកម្លាំងរុស្ស៊ី ផងដែរ ។
ក្រសួងការបរទេសអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ថា បានលួចគ្រាប់ធញ្ញជាតិ នៅក្នុងទឹកដីដែលខ្លួនបានកាន់កាប់ ដែលជាទង្វើមួយដែលខ្លួនបានលើកឡើងថា បានបង្កើនការគំរាមកំហែង ដល់សន្តិសុខស្បៀង ពិភពលោក ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម Mykola Solskyi បានថ្លែងថា ការលួចស្រូវបានកើនឡើង ក្នុងរយៈពេល២សប្តាហ៍ កាលពីចុងក្រោយនេះ ។
ក្រសួងបានដកស្រង់សម្តី លោក Solskyi ថា “ខ្ញុំផ្ទាល់បានឮរឿងនេះពីម្ចាស់ស៊ីឡូ ជាច្រើន នៅក្នុងទឹកដីដែលកាន់កាប់។ នេះគឺជាការប្លន់ទាំងស្រុង ហើយរឿងនេះកំពុងកើតឡើង នៅគ្រប់ទីកន្លែងក្នុងទឹកដីដែលកាន់កាប់” ។
លោកបានលើកឡើងថា ស្ថានភាពបែបនេះអាចបង្កើតបញ្ហាស្បៀងអាហារក្នុងតំបន់ដែលបច្ចុប្បន្នមិនត្រូវបានគ្រប់គ្រង ។
លោក Solskyi បានលើកឡើងថា “វានឹងមានការប្រមូលផលស្រូវសាលី ឆាប់ៗនេះនៅភាគខាងត្បូង ។ ប៉ុន្តែកសិករក្នុងស្ថានភាពនេះ ប្រហែលជាលើកឡើង យ៉ាងច្បាស់ថា “នេះគឺជាមូលដ្ឋាននៃប្រើប្រាស់ ត្រាក់ទ័រ ដើម្បីប្រមូលគ្រាប់ធញ្ញជាតិទាំងនោះ ដោយខ្លួនឯង ប្រសិនបើអ្នកចង់បាន” ៕
ដោយ៖ ម៉ៅ បុប្ផាមករា