ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី ស្វែងរកការវិនិយោគរបស់ជប៉ុន លើគម្រោងទីក្រុងរដ្ឋធានីថ្មី

ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននឹងកំពុងរំពឹងថា ការវិនិយោគរបស់ប្រទេសជប៉ុនលើការសាងសង់ទីក្រុងថ្មី និងគម្រោងថាមពលកកើតឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សារនេះត្រូវបានបញ្ជូនដោយប្រធានាធិបតី Widodo ដែលត្រូវបានគេស្គាល់ជាទូទៅថា លោក Jokowi ដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida នៅវិមានប្រធានាធិបតីក្នុងទីក្រុង Bogor ខេត្ត West Java កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុនទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍។

គម្រោងទីក្រុងធំ នៃរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយអស់ប្រហែល៣២ ពាន់លានដុល្លារ។

កាលពីមុនក្រុមហ៊ុន SoftBank Group របស់ប្រទេសជប៉ុន ដែលជាអ្នកវិនិយោគគួរឱ្យកត់សម្គាល់ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការវិនិយោគមិនតិចជាង ៣០ពាន់លានដុល្លារលើការសាងសង់រដ្ឋធានីថ្មីនេះ ប៉ុន្តែបានដកចេញពីផែនការកាលពីខែមីនា។

ប្រទេសជប៉ុនគឺជាអ្នកវិនិយោគដ៏ធំបំផុតមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងចំណោមគម្រោងរួមដែលកំពុងដំណើរការរបស់ជប៉ុន-ឥណ្ឌូណេស៊ីគឺ រថភ្លើងល្បឿនលឿន (MRT) នៅទីក្រុងហ្សាកាតាក្នុងទីក្រុងបច្ចុប្បន្ន និងកំពង់ផែ Patimban ក្នុងស្រុក Subang ខេត្ត West Java ដែលជប៉ុន និងឥណ្ឌូនេស៊ីបានយល់ព្រមលើប្រាក់កម្ចីបន្ថែមជាប្រាក់យ៉េន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top