ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានអាមេរិក នៅឲ្យឆ្ងាយ ពីឈូងសមុទ្រ Gulf

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា មេបញ្ជាការកំពូលរបស់អ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនមាន កន្លែងនៅក្នុងឈូងសមុទ្រទេ ខណៈដែលប្រទេសក្នុងតំបន់ អាចធានាបាននូវសន្តិសុខផ្ទាល់ខ្លួន របស់ពួកគេ។

ការកត់សម្គាល់នេះ ត្រូវបានធ្វើឡើង ដោយលោក Alireza Tangsiri មេបញ្ជាការកងនាវាចរនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលបានព្រមានផងដែរថា ប្រទេសណាដែលស្វែងរកការបំផ្លាញ ផលប្រយោជន៍របស់អ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រ នឹងទទួលបាន “ការឆ្លើយតបដ៏គួរឱ្យសោកស្តាយបំផុត” ។

លោក Tangsiri បានលើកឡើងថា ប្រទេសអ៊ីរ៉ង់បានបញ្ជូនសារសន្តិភាព និងមិត្តភាពរបស់ខ្លួនម្តងហើយម្តងទៀតទៅកាន់ប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួនថា តំបន់នេះគឺ “មានសមត្ថភាពធានាសន្តិសុខរបស់ខ្លួន” ។

មេបញ្ជាការអ៊ីរ៉ង់បានកត់សម្គាល់ថា កងកម្លាំងទ័ពជើងទឹក IRGC មានវត្តមានឥតឈប់ឈរ យ៉ាងសកម្ម និងមានប្រសិទ្ធភាពនៅក្នុងច្រកសមុទ្រ Hormuz និងភាគខាងជើងនៃឈូងសមុទ្រ ហើយដោយមើលឃើញ ពីភាពគ្រប់ជ្រុងជ្រោយ នៃការស៊ើបការណ៍សម្ងាត់ របស់ពួកគេ កំពុងត្រួតពិនិត្យគ្រប់ចលនាទាំងអស់ នៅក្នុងតំបន់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top