វ៉ាស៊ីនតោន៖ ការក្បត់របស់រុស្ស៊ី ចំពោះការធានាសន្តិសុខ នុយក្លេអ៊ែរ របស់ខ្លួន ចំពោះអ៊ុយក្រែននឹងគ្របដណ្ដប់ លើអនាគត នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលគាំទ្រដោយសន្ធិសញ្ញា មិនរីកសាយភាយអាវុធ នុយក្លេអ៊ែរ នេះជាការលើកឡើង របស់មន្ត្រីជាន់ខ្ពស់អាមេរិក ក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយសារព័ត៌មានក្យូដូ។
លោក Eliot Kang ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុក សន្តិសុខអន្តរជាតិ និងការមិនរីកសាយភាយបានឲ្យដឹងថា “សកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងពិតជាប៉ះពាល់ដល់បរិយាកាស នៃសន្និសិទត្រួតពិនិត្យ NPT ដូច្នេះយើងពិតជា មិនអាចព្រងើយកន្តើយ នឹងការឈ្លានពាន ដោយរដ្ឋអាវុធនុយក្លេអ៊ែរ នៃរដ្ឋគ្មានអាវុធនុយក្លេអ៊ែរ ណាមួយ ដែលក្បត់ការធានាសន្តិសុខ ដែលបានផ្តល់ឱ្យ នៅពេលដែលប្រទេសអាវុធនុយក្លេអ៊ែរ បានចូលរួមជាមួយ NPT” ។
NPT ដែលបានចូលជាធរមាន ក្នុងឆ្នាំ១៩៧០ នឹងមានសន្និសិទពិនិត្យឡើងវិញនៅខែសីហា នៅទីស្នាក់ការអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ ការរំសាយអាវុធនុយក្លេអ៊ែរ ពង្រឹងការមិនរីកសាយភាយនុយក្លេអ៊ែរ និងបង្កើនការប្រើប្រាស់ ថាមពលនុយក្លេអ៊ែរ ដោយសន្តិវិធី។
សន្និសីទដែលបានគ្រោងទុក ដំបូងក្នុងឆ្នាំ ២០២០ ត្រូវបានពន្យារពេល ដោយសារជំងឺរាតត្បាតកូវីដ១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូ ជប៉ុន។
សម័យប្រជុំនាពេលខាងមុខ នឹងមានសារៈសំខាន់ បន្ទាប់ពីវគ្គចុងក្រោយ នៅក្នុងឆ្នាំ២០១៥ បានបន្សល់ទុកនូវការបែងចែកច្បាស់លាស់ រវាងរដ្ឋអាវុធនុយក្លេអ៊ែរ និងរដ្ឋមិនមែននុយក្លេអ៊ែរ ដែលចង់ពន្លឿន ការហាមឃាត់ អាវុធនុយក្លេអ៊ែរទាំងស្រុង ដោយបង្កើតសន្ធិសញ្ញា ស្តីពីការហាមឃាត់ អាវុធនុយក្លេអ៊ែរ។
លោក Kang បាន លើកឡើងថា “ទាក់ទងនឹងនុយក្លេអ៊ែរ ខ្ញុំមានន័យថា នេះគឺធ្ងន់ធ្ងរណាស់។ ឧទាហរណ៍ នៅក្នុងសេចក្តីថ្លែងការណ៍រួមថ្ងៃទី០៣ ខែមករា មេដឹកនាំនៃរដ្ឋអាវុធនុយក្លេអ៊ែរទាំងប្រាំបានចេញសេចក្តីថ្លែងការណ៍ ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផ្ទាល់បានយល់ព្រម ដោយលើកឡើងការ ប្រើ ប្រាស់ នុយក្លេអ៊ែរ នឹង មាន ផល វិបាក យ៉ាង ខ្លាំង៕
ប្រែសម្រួល ឈូក បូរ៉ា