ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យវិលទៅរក សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ នៅក្នុងប្រទេសម៉ាលី ហ្គីណេ និងប៊ូគីណាហ្វាសូ

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យអាជ្ញាធរនៃប្រទេសម៉ាលី ហ្គីណេ និងបួគីណាហ្វាសូ ត្រឡប់ទៅរក “សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ” វិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្នុងអំឡុងពេលសន្និសីទកាសែត ជាមួយប្រធានាធិបតីសេណេហ្គាល់លោក Macky Sall ប្រធានអង្គការសហប្រជាជាតិ បាននិយាយថា វាមានសារៈសំខាន់ក្នុងការបន្តការសន្ទនា ជាមួយអាជ្ញាធរនៃប្រទេសទាំងបី ដើម្បីជួយសម្រួលដល់ការវិលត្រឡប់ យ៉ាងឆាប់រហ័សទៅកាន់ “សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ” ។

លោកក៏បានសម្តែងការព្រួយបារម្ភ អំពីស្ថានភាពសន្តិសុខនៅក្នុងតំបន់ Sahel ហើយបានសន្យាថានឹងបន្ត “ប្រតិបត្តិការរក្សាសន្តិភាព និងប្រឆាំងភេរវកម្មនៅអាហ្វ្រិកដ៏រឹងមាំ ដែលអនុវត្តដោយសហភាពអាហ្វ្រិក និងគាំទ្រដោយអង្គការសហប្រជាជាតិ”។

លោកបានអំពាវនាវដល់ សហគមន៍អន្តរជាតិទាំងមូល ឱ្យផ្តល់ប្រាក់ជំនួយដល់បណ្តាប្រទេស នៅអាហ្វ្រិកខាងលិច ដើម្បីឱ្យពួកគេអាចដោះស្រាយ បញ្ហាប្រឈមផ្នែកសន្តិសុខ ពីឫសគល់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top