ព័ត៌មានអន្តរជាតិ

Update៖ អគ្គលេខាធិការ UN ថ្លែងថា សង្គ្រាមនៅអ៊ុយក្រែន បង្កឲ្យតម្លៃអាហារ និងថាមពលឡើងថ្លៃត្រីគុណ នៅទ្វីបអាហ្វ្រិក

ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ថាលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានថ្លែងកាលពីល្ងាចថ្ងៃអាទិត្យថា ជម្លោះដែលកំពុងបន្ត នៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឱ្យវិបត្តិស្បៀងអាហារ ថាមពល និងហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ នៅក្នុងទ្វីបអាហ្រ្វិក ។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយលោក Macky Sall ប្រធានាធិបតី Senegale លោក Guterres បានថ្លែងថា លោកបានបង្កើតក្រុមឆ្លើយតបជាសកល ដើម្បីជួយប្រមូលទីភ្នាក់ងារ អង្គការសហប្រជាជាតិ ធនាគារអភិវឌ្ឍន៍ និងអង្គការអន្តរជាតិផ្សេងទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិ ជាពិសេសនៅអាហ្វ្រិក។

លោក Guterres បានអំពាវនាវឱ្យលុបចោលការរឹតបន្តឹង ការនាំចេញដែលមិនចាំបាច់ទាំងអស់ ដើម្បីបង្កើត “លំហូរនៃអាហារ និងថាមពលប្រកបដោយស្ថិរភាព” នៅក្នុងទីផ្សារបើកចំហ និងដើម្បីគ្រប់គ្រងតម្លៃម្ហូបអាហារ។

លោកបានថ្លែងថា “វានឹងមិនមានដំណោះស្រាយពិតប្រាកដ ចំពោះបញ្ហាសន្តិសុខស្បៀង ដោយមិនធ្វើសមាហរណកម្មឡើងវិញ នូវផលិតកម្មកសិកម្មរបស់អ៊ុយក្រែន ក៏ដូចជាការផលិតស្បៀងអាហារ និងជីរបស់រុស្ស៊ី និងប៊ែលឡារុស្សនៅក្នុង ទីផ្សារពិភពលោកទេ” ។

ទាក់ទងនឹងវិបត្តិថាមពល ប្រធានអង្គការសហប្រជាជាតិ បានជំរុញឱ្យប្រទេសទាំងអស់ បញ្ចេញស្តុកយុទ្ធសាស្ត្រ និងទុនបំរុងបន្ថែមសម្រាប់ ប្រទេសដែលត្រូវការ ដោយពន្លឿនការលើកកម្ពស់ ថាមពលកកើតឡើងវិញ ។

លោកបានលើកឡើងថា “ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិគួរតែ ដាក់ជាបន្ទាន់នូវយន្តការបន្ធូរបន្ថយ បំណុលដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល និងទំហំសារពើពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍” ។

លោក Guterres បានមកដល់ទីក្រុង ដាកា កាលពីល្ងាចថ្ងៃសៅរ៍ ហើយលោកក៏នឹង ទៅបំពេញទស្សនកិច្ចនៅប្រទេស Niger និងនីហ្សេរីយ៉ាផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top