ព័ត៌មានអន្តរជាតិ

Update ៖ មន្ទីរបញ្ចកោណថា អគ្គមេបញ្ជាការកងទ័ព របស់រុស្ស៊ី អាចរងរបួស ក្រោយពេលទៅកាន់ សមរភូមិមុខ នៅអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ថា មេបញ្ជាការកងទ័ពកំពូលរបស់រុស្ស៊ី លោក Valery Gerasimov បានទៅកាន់សមរភូមិមុខនៅ Donbas ក្នុងសង្រ្គាមអ៊ុយក្រែន កាលពីសប្តាហ៍មុន មន្ត្រីមន្ទីរបញ្ចកោណ បានឲ្យដឹងកាលពីថ្ងៃចន្ទ ប៉ុន្តែរបាយការណ៍បានដាក់ថា លោកបានរងរបួស ក្នុងការវាយប្រហាររបស់អ៊ុយក្រែន មិនអាចបញ្ជាក់បាននៅឡើយទេ ។

មន្ត្រីការពារជាតិអាមេរិក ជាន់ខ្ពស់ម្នាក់បានប្រាប់ដល់អ្នកសារព័ត៌មានថា “អ្វីដែលយើងអាច បញ្ជាក់បាននោះគឺថា យើងដឹងថា អស់រយៈពេលជាច្រើនថ្ងៃ កាលពីសប្តាហ៍មុនគាត់នៅ Donbas” ។

មន្ត្រីរូបនេះបានបញ្ជាក់ថា “យើងមិនជឿថា គាត់នៅតែនៅទីនោះទេ ដែលគាត់បានចាកចេញហើយ គាត់ត្រឡប់មកប្រទេសរុស្ស៊ីវិញ” ។

យើងមិនអាចបញ្ជាក់ ពីរបាយការណ៍ដែលថា គាត់បានរងរបួសនោះទេ ។

យោងតាមរបាយការណ៍ ដែលដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃសៅរិ៍ កងកម្លាំងអ៊ុយក្រែន បានបាញ់ផ្លោងពីមជ្ឈមណ្ឌាលបញ្ជាមួយក្នុងទីក្រុង Izium ជាកន្លែងដែលលោក Gerasimov ប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានទៅជួបជាមួយមេបញ្ជាការកំពូលៗ ។

ប៉ុន្តែជាក់ស្តែង គាត់បានចាកចេញពីកន្លែងនោះ មុនពេលការបាញ់ផ្លោងកើតឡើង ។

លោក Gerasimov ត្រូវបានគេជឿថា កំពុងធ្វើដំណើរ ទៅសមរភូមិមុខ ដើម្បីយល់កាន់តែច្បាស់អំពីស្ថានភាពនៅទីវាល និងប្រមូលផ្តុំកងទ័ព របស់គាត់ជាកងកម្លាំងរុស្ស៊ី បន្ទាប់ពីបរាជ័យក្នុងការ ដណ្តើមយកទីក្រុង គៀវ នៅភាគខាងជើង ប៉ុនប៉ងដណ្តើមកាន់កាប់តំបន់ Donetsk និង Luhansk ដែលស្ថិតនៅភាគខាងកើត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top