ព័ត៌មានអន្តរជាតិ

និយតករអាកាសចរណ៍ឥណ្ឌា បញ្ជាឲ្យស៊ើបអង្កេតលើភាពចលាចល របស់អាកាសចរណ៍ឯកជន

ញូវដេលី៖ អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌា (DGCA) បានបញ្ជាឱ្យស៊ើបអង្កេតលើឧប្បត្តិហេតុ ដែលមានភាពច្របូកច្របល់ ដែលអ្នកដំណើរប្រហែល ១៥នាក់បានរងរបួស ខ្លះរបួសធ្ងន់ក្នុងអំឡុងពេល ហោះហើរក្នុងស្រុកកាលពីល្ងាចថ្ងៃអាទិត្យ។

សេចក្តីរាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អ្នកដំណើរពីរនាក់ ត្រូវបានគេនិយាយថា ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU)នៅឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុន SpiceJet ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជន កំពុងហោះហើរពីទីក្រុងបុមបៃទៅកាន់ទីក្រុង Durgapur ក្នុងរដ្ឋភាគខាងកើតនៃរដ្ឋ West Bengal នៅពេលដែលវាបានជួបប្រទះ នឹងភាពចលាចលកណ្តាលអាកាសពេល កំពុងត្រៀមនឹងចុះចត។

 ក្រោយ​ពេល​កើតហេតុ អ្នក​រួម​ដំណើរ​ដែល​រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ។ DGCA បានឲ្យដឹងថា ខ្លួនកំពុងដកបុគ្គលិកនៃ ជើងហោះហើរចេញពីបញ្ជីឈ្មោះ ក្រៅពីវិស្វកររបស់យន្តហោះ និងអ្នកទទួលខុសត្រូវនៃមជ្ឈមណ្ឌល គ្រប់គ្រងការថែទាំរបស់ SpiceJet រហូតដល់ការស៊ើបអង្កេតបានបញ្ចប់។

 ជាមួយគ្នានេះ រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល លោក Jyotiraditya Scindia បានលើកឡើងថា បញ្ហានេះកំពុងត្រូវបានដោះស្រាយដោយភាពធ្ងន់ធ្ងរ និងភាពរឹងមាំបំផុត ហើយរបាយការណ៍ស៊ើបអង្កេតនឹង ត្រូវបានចែករំលែកក្នុងពេលឆាប់ៗនេះ។

 លោកបានបន្ដថា “ភាពច្របូកច្របល់ ដែលបានជួបប្រទះដោយជើងហោះហើរពេលចុះចតនៅ Durgapur និងការខូចខាតដល់អ្នកដំណើរ គឺជាអកុសល។ DGCA បានដាក់ក្រុមដើម្បីស៊ើបអង្កេតឧប្បត្តិហេតុនេះ” លោកបញ្ជាក់ថាព័ត៌មានលម្អិតបន្ថែមអំពីមូលហេតុ នឹងត្រូវបានចែករំលែក នៅពេលដែលការស៊ើបអង្កេត ត្រូវបានបញ្ចប់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top