បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យ អនឡាញដ៏ល្បីឈ្មោះដែល សកម្មជនគាំទ្រទីក្រុងគីវ ប្រើក្នុងបញ្ជីខ្មៅមនុស្សដែលពួកគេ ចាត់ទុកថាជាសត្រូវរបស់អ៊ុយក្រែន។
គេហទំព័រ Mirotvorets (‘Peacemaker’) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ជាមូលដ្ឋានទិន្នន័យសាធារណៈនៃ “ភេរវករគាំទ្ររុស្ស៊ី អ្នកបំបែកខ្លួន ទាហានស៊ីឈ្នួល ឧក្រិដ្ឋជនសង្រ្គាម និងឃាតករ”។ វាមានតំណភ្ជាប់ទៅកាន់ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម និងព័ត៌មានផ្ទាល់ខ្លួន ដូចជាអាសយដ្ឋានផ្ទះ ទូរស័ព្ទ និងអ៊ីមែល។
លោក Orban ត្រូវបានគេដាក់ក្នុងបញ្ជីថាជា “អ្នកសមគំនិតនៃឧក្រិដ្ឋជនសង្គ្រាមរុស្ស៊ី” និងជា “អ្នកឃោសនាប្រឆាំងអ៊ុយក្រែន”។ គេហទំព័រនោះបានរៀបរាប់ថា នាយករដ្ឋមន្ត្រីហុងគ្រីរូបនេះ បានបដិសេធមិនគាំទ្រការហ៊ុមព័ទ្ធលើប្រេង និងឧស្ម័នរបស់រុស្ស៊ី ក្នុងចំណោមរបស់ផ្សេងៗទៀត។ គាត់ក៏បានបំបែកចំណាត់ថ្នាក់ នៅក្នុងសហភាពអឺរ៉ុបដោយបដិសេធ មិនបញ្ជូនអាវុធទៅអ៊ុយក្រែន ឬអនុញ្ញាតឱ្យដឹកជញ្ជូនអាវុធបរទេស ទៅកាន់ទីក្រុងគីវតាមរយៈទឹកដីនៃប្រទេសរបស់គាត់។
លោក Orban ដែលបានឈ្នះការបោះឆ្នោត សារជាថ្មីកាលពីខែមុន បានកសាងយុទ្ធនាការរបស់គាត់ ជុំវិញការសន្យាថានឹងរក្សាទីក្រុង Budapest ឱ្យចេញពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយនៅក្នុងសុន្ទរកថាជ័យជម្នះមួយ លោក Orban បានចាត់ទុកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ជា “អ្នកប្រឆាំង” ម្នាក់របស់គាត់ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
