អូតាវ៉ា ៖ រដ្ឋាភិបាលកាណាដា បានប្រកាស កាលពីថ្ងៃអង្គារអំពីការវិនិយោគមួយ ដើម្បីគាំទ្រដល់កំណើន នៃការនាំចេញគ្រាប់ធញ្ញជាតិ របស់ប្រទេសនេះ នៅពេលដែលតម្រូវការ សម្រាប់ផលិតផលគ្រាប់ ធញ្ញជាតិកាណាដា កំពុងកើនឡើងនៅលើទីផ្សារ ពិភពលោក។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកសិ-ចំណីអាហារ Marie-Claude Bibeau បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “អ្នកផលិតគ្រាប់ធញ្ញជាតិកាណាដា គឺជាតំណភ្ជាប់ដ៏សំខាន់មួយ នៅក្នុងសន្តិសុខស្បៀងពិភពលោក។
ជាមួយនឹងមូលនិធិ រហូតដល់ជិត ៤,៤លានដុល្លារកាណាដា (៣,៥លានដុល្លារអាមេរិក) រដ្ឋាភិបាលកាណាដា កំពុងគាំទ្រវិស័យនេះ ដោយជួយអង្គការចំនួន៣ ដើម្បីកំណត់ឱកាសថ្មី សម្រាប់ផលិតផលគ្រាប់ធញ្ញជាតិកាណាដា រួមមាន Cereals Canada Inc., Canada Grains Council និង Prairie នេះបើតាមការចុះផ្សាយ របស់សមាគម អ្នកដាំដំណាំស្រូវ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នៅពេលដែលតម្រូវការ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ របស់កាណាដាបន្តកើនឡើង វាជាការសំខាន់ក្នុងការធានា នូវឱកាសពាណិជ្ជកម្មថ្មី ដែលជួយពង្រឹងខ្សែសង្វាក់តម្លៃ ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មសហព័ន្ធ ខេត្ត និង ដែនដីរបស់ប្រទេសកាណាដា បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ដើម្បីនិយាយអំពីកង្វល់ ដែលកំពុងបន្តរបស់ពួកគេជុំវិញ ការផ្គត់ផ្គង់ស្បៀងអាហារសកល សន្តិសុខស្បៀង និងការផ្គត់ផ្គង់ ធាតុចូលសំខាន់ៗ រួមទាំងជីផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា