ព័ត៌មានអន្តរជាតិ

តម្លៃប្រេងឡើងថ្លៃ ខណៈសហភាពអឺរ៉ុប មានគោលដៅ ហាមឃាត់ប្រេង របស់រុស្ស៊ី

ព្រុចសែល ៖ តម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំង កាលពីថ្ងៃពុធ បន្ទាប់ពីសហភាពអឺរ៉ុប បានបង្ហាញផែនការ ដើម្បីលុបចោលប្រេង របស់រុស្ស៊ី ដែលបង្កឱ្យមានការព្រួយបារម្ភ លើការផ្គត់ផ្គង់តឹងរ៉ឹង ។

West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមិថុនា បានបន្ថែម ៥,៤ដុល្លារអាមេរិក ឬ ៥,៣ ភាគរយ ដើម្បីទូទាត់នៅ ១០៧,៨១ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange ។

ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយខែកក្កដា បានកើនឡើង ៥,១៧ ដុល្លារ ឬ៤,៩ ភាគរយ មកបិទនៅតម្លៃ ១១០,១៤ ដុល្លារក្នុងមួយបារ៉ែលនៅលើ ផ្សារហ៊ុន London ICE Futures Exchange ។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងថា អឺរ៉ុប នឹងបញ្ឈប់ការផ្គត់ផ្គង់ប្រេងឆៅ របស់រុស្ស៊ីក្នុងរយៈពេលប្រាំមួយខែ និងផលិតផលចម្រាញ់ នៅចុងឆ្នាំនេះ ។ ផែនការនេះគឺជាផ្នែកមួយ នៃកញ្ចប់ទណ្ឌកម្មទីប្រាំមួយ ដែលផ្តោត លើទីក្រុងម៉ូស្គូ ជុំវិញប្រតិបត្តិការ យោធារបស់ខ្លួននៅអ៊ុយក្រែន។

លោក Carsten Fritsch អ្នកវិភាគថាមពល នៅក្រុមហ៊ុន Commerzbank Research ដោយដកស្រង់ទិន្នន័យ ពីទីភ្នាក់ងារថាមពល អន្តរជាតិបាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុប បាននាំចូលប្រេងឆៅជាមធ្យម ៣,៥ លានបារ៉ែលក្នុងមួយថ្ងៃពីប្រទេសរុស្ស៊ីក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ។

លោកបានបន្ថែមថា “បរិមាណនេះ ឥឡូវត្រូវមាន ប្រភពពីកន្លែងផ្សេងទៀត នៅលើទីផ្សារ ដែលទំនងជានឹងរឹតបន្តឹង ការផ្គត់ផ្គង់ ប្រសិនបើអ្វីៗផ្សេងទៀត នៅតែស្មើគ្នា ហើយគួរតែជំរុញ ឲ្យតម្លៃឡើងថ្លៃ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top