ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអាល្លឺម៉ង់ ថ្លែងថា ការពឹងផ្អែកថាមពលពីរុស្ស៊ី ត្រូវបានកាត់បន្ថយកាន់តែច្រើនឡើងៗ

ប៊ូចារ៉េស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធលោក Frank Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ បានថ្លែងថា ការពឹងផ្អែករបស់ប្រទេសអាល្លឺម៉ង់ លើធនធានថាមពលរបស់ប្រទេសរុស្ស៊ី ត្រូវបានកាត់បន្ថយយ៉ាងច្រើន ។

លោក Steinmeier បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីរ៉ូម៉ានីលោក Klaus Iohannis ថា ការពឹងផ្អែករបស់ប្រទេសអាល្លឺម៉ង់ លើប្រេងរុស្ស៊ីបច្ចុប្បន្នគឺ១៥ភាគរយ ។

ប្រធានាធិបតីរ៉ូម៉ានីបានថ្លែងថា ប្រទេសរបស់លោកគាំទ្រការហាមឃាត់ របស់គណៈកម្មការអឺរ៉ុបលើប្រេងរុស្ស៊ី ដែលនឹងត្រូវបានអនុវត្តតាមរយៈ ដំណាក់កាលចេញរយៈពេល៦ខែ ។

លោក Iohannis បានថ្លែងថា អាជ្ញាធរនៅទីក្រុង ប៊ូចារ៉េស នាពេលឥឡូវនេះកំពុងធ្វើការលើ ដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលអាចត្រូវបានប្រមូលផ្តុំ យ៉ាងឆាប់រហ័ស ។

លោកបានថ្លែងថា “រ៉ូម៉ានី ចង់ដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្រេចបាននូវគោលដៅ ជាយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុប សម្រាប់ការធ្វើពិពិធកម្មការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិរបស់ខ្លួន” ។

គួរបញ្ជាក់ថា កិច្ចពិភាក្សារវាងមេដឹកនាំទាំង២ ក៏បានផ្តោតលើការគាំទ្រដែលផ្តល់ ដល់ជនភៀសខ្លួនអ៊ុយក្រែន និងអ៊ុយក្រែន ការគាំទ្រសម្រាប់ការចូលជា សមាជិកសហភាពអឺរ៉ុបនៃ សាធារណរដ្ឋម៉ុលដាវី អ៊ុយក្រែន និងហ្ស៊កហ្ស៊ី និងការរំពឹងទុករបស់រ៉ូម៉ានីទាក់ទង នឹងការចូលទៅកាន់តំបន់ Schengen ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top