បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃសៅរ៍នេះបានឲ្យដឹងថា មកដល់ពេលនេះចំនួន នៃអ្នកស្លាប់មានយ៉ាងហោចណាស់ ១៨នាក់មកហើយ នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើក នៅសណ្ឋាគារមួយកន្លែងក្នុងទីក្រុង Havana ប្រទេសគុយបា។
សណ្ឋាគារ Saratoga Hotel គឺជាសណ្ឋាគារលំដាប់ផ្កាយ៥ ល្អជាងគេបំផុតរបស់ប្រទេសគុយបា ហើយអជ្ញាធរបានធ្វើការអះអាងថា មូលហេតុនៃការផ្ទុះលើកនេះ គឺបណ្តាមកពីការលេចធ្លាយហ្គាស នៅពីខាងក្នុងសណ្ឋាគារហើយ ក្នុងនោះក៏បានធ្វើឲ្យមនុស្សប្រមាណជា ៦០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។

ទោះបីជាយ៉ាងណាក្តីមកដល់ ពេលនេះប្រតិបត្តិការជួយសង្គ្រោះ នៅតែបន្តធ្វើនៅឡើយដើម្បីកំណត់ ទីតាំងមនុស្សដែលអាចនៅជាប់ សេសសល់ក្នុងគំនរអគារបែកបាក់ របស់សណ្ឋាគារដែលមាន កំពស់ទៅដល់ ៥ជាន់មួយនេះ។
លោកប្រធានាធិបតីគុយបា Miguel Diaz-Canel បានធ្វើដំណើរទៅដល់ទីកន្លែង កើតហេតុដែលធ្លាប់ជាទីតាំងស្ថិត នៅពីមុខអគារចាស់របស់សភាជាតិ ហើយក្នុងនោះលោកប្រធានាធិបតី បានអះអាងហើយថា វាមិនមែនជាការបំផ្ទុះគ្រាប់បែក ឬការវាយប្រហារណាមួយនោះទេ ប៉ុន្តែវាគឺជាគ្រោះថ្នាក់ដ៏អកុសលមួយប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ស៊ុន លី
