ព័ត៌មានអន្តរជាតិ

មេដឹកនាំ G-7 នឹងជួបតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី០៨ ឧសភា ដើម្បីបង្ហាញពីការរួបរួមគ្នា ដាក់សម្ពាធបន្ថែមលើរុស្ស៊ី

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានឲ្យដឹងថា មេដឹកនាំនៃក្រុមប្រទេស ឧស្សាហកម្មទាំង៧ នឹងបើកកិច្ចប្រជុំនិម្មិតមួយ នៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីការ វិវត្តចុងក្រោយបង្អស់ នៅក្នុងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងបង្ហាញពីការបន្តឯកភាពគ្នា ក្នុងការជំរុញទីក្រុងម៉ូស្គូ ឱ្យបញ្ចប់ការឈ្លានពាននេះ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងមុននេះថា ការពិភាក្សានឹងរួមបញ្ចូល ថាតើត្រូវចាត់វិធានការដាក់ទណ្ឌកម្មបន្ថែម ចំពោះរុស្ស៊ី ឬអត់ ខណៈពេលដែលនិយាយថា រដ្ឋបាលរបស់លោក “បើកចំហចំពោះទណ្ឌកម្មបន្ថែម”។

កិច្ចប្រជុំនៅព្រឹកថ្ងៃអាទិត្យនេះ នឹងត្រូវដឹកនាំដោយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងចូលរួមដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នេះបើយោងតាមលោកស្រី Psaki ។ ក្រុម G-7 អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុប។

លោកស្រីក៏បានកត់សម្គាល់ផងដែរថាកាលបរិច្ឆេទនៃកិច្ចប្រជុំ គឺមួយថ្ងៃមុនថ្ងៃជ័យជំនះរបស់រុស្ស៊ី ដែលជាខួបរំលឹកដល់តួនាទីរបស់សហភាពសូវៀត នៅពេលនោះក្នុងការកម្ចាត់ណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ។

លោកស្រីបានបន្ដថា ការជួបគ្នារវាងមេដឹកនាំ G-7 គឺជាឱកាសមួយ ដើម្បី “បង្ហាញពីរបៀបបង្រួបបង្រួមលោកខាងលិច ក្នុងការប្រឈមមុខនឹងការឈ្លានពាន និងការឈ្លានពាន របស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top