គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងបន្តនៅក្នុងតំបន់ Kharkiv នៃប្រទេសអ៊ុយក្រែន ខណៈដែលកងទ័ពព្យាយាមដណ្តើមការកាន់កាប់តំបន់នេះឡើងវិញពីជនជាតិរុស្ស៊ី ។
នេះកើតឡើង បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន បានអះអាងកាលពីថ្ងៃសៅរ៍ថា ពួកគេបានដណ្តើមយកភូមិចំនួន៥នៅភាគខាងជើង និងភាគខាងកើតនៃទីក្រុងធំទី២ររបស់ប្រទេសនេះ ។
អ្នកវិភាគបានលើកឡើងថា ប្រតិបត្តិការអ៊ុយក្រែនកំពុងអភិវឌ្ឍទៅជាការវាយលុកដ៏ជោគជ័យ ។
សូមបញ្ជាក់ថា ក្រុង Kharkiv គឺជាចំណុចផ្តោតនៃការបាញ់ផ្លោងយ៉ាងខ្លាំងក្លាចាប់តាំងពីការលុកលុយកាលពីខែកុម្ភៈមកម្ល៉េះ ។
អភិបាលនៃតំបន់ Kharkiv បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ី នៅតែបន្ត “បាញ់មកលើជនស៊ីវិលនៅក្នុងតំបន់ Kharkivដដែល” ។
លោក Oleh Synyehubov បានលើកឡើងនៅនៅលើបណ្តាញទំនាក់ទំនង Telegram ដោយបានក្រើនរំលឹកដល់ពលរដ្ឋ “កុំឲ្យចេញទៅក្រៅដោយមិនចាំបាច់នោះ” ហើយបានប្រាប់ដល់ពលរដ្ឋត្រូវចាំអារម្មណ៍ឲ្យមែនទែននឹងស៊ីរ៉ែនវាយប្រហារតាមអាកាស ។
គេមានការព្រួយបារម្ភថា ការបាញ់ផ្លោងរបស់រុស្សី អាចកាន់តែខ្លាំងឡើងៗ ដល់ថ្ងៃជ័យជម្នះ ថ្ងៃទី៩ ឧសភា នៅគ្រាដែលរុស្សី រំលឹកខួបនៃការឈ្នះរបស់ខ្លួនលើពួក NAZI អាល្លឺម៉ង់នៅក្នុងឆ្នាំ១៩៤៥ ។
តំបន់នេះត្រូវបានកងកម្លាំងរុស្ស៊ី កំណត់គោលដៅយ៉ាងខ្លាំងចាប់តាំងពីការលុកលុយមក ប៉ុន្តែរបាយការណ៍ពីវិទ្យាស្ថានសិក្សាអំពីសង្គ្រាមឲ្យដឹងថា ទាហានអ៊ុយក្រែននាពេលឥឡូវនេះ កំពុងតែដណ្តើមយកទឹកមកដីវិញ តាមបណ្តោយរង្វង់ធំជុំវិញក្រុង Kharkiv ជាបណ្តើរៗវិញហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា