បរទេស៖ យោងតាមការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងកិច្ចការងារ អភិវឌ្ឍជាតិរបស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា មនុស្សរាប់លានអាចប្រឈមមុខ ទៅនឹងការបាត់បង់ជីវិត ដោយសារភាពអត់ឃ្លានក្នុងពេលដែល វិបត្តិកូវីដនិងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កំពុងបន្តនៅឡើយ។
លោកស្រី Svenja Schulze បានថ្លែងប្រាប់ទៅកាន់ Bild កាលពីចុងសប្តាហ៍កន្លងមកបានបញ្ជាក់ថា ពិភពលោកអាចនឹងប្រឈមមុខ ទៅនឹងបញ្ហាខ្វះខាតអាហារ ដ៏ធ្ងន់ធ្ងរដោយសារតែតម្លៃម្ហូបអាហារ កំពុងកើនឡើងខ្លាំងបែបនេះហើយ ដែលវាជាកត្តានឹងនាំឲ្យគ្រោះទុរ្ភិក្សកើតមួយ ដែលមិនធ្លាប់មានគិតចាប់តាំង ពីសង្គ្រាមលោកលើកទី២ ដែលក្នុងនោះ លោករដ្ឋមន្ត្រីបានអះអាងទៀតថា បញ្ហាវិបត្តិកូវីដនិងវិបត្តិនៅអ៊ុយក្រែន គឺជាឬសគល់នៃបញ្ហានេះ។
លោកស្រី Schulze បានព្រមានថាបច្ចប្បន្នតម្លៃអាហារ នៅជុំវិញពិភពលោកមានការកើនឡើង យ៉ាងខ្លាំងដល់ទៅ១ភាគ៣រួចទៅហើយនិងគឺជាកំណត់ត្រាមួយ ដែលនេះនឹងនាំឲ្យកើតជាគ្រោះ អត់ឃ្លានមួយដែលមនុស្ សរាប់លាននាក់នឹងប្រឈមមុខទៅនឹងការបាត់បង់ជីវិតទៀតផង។
ការលើកឡើងនេះមានភាពស្រដៀងគ្នា ទៅនឹងរបាយការណ៍មួយដែល ត្រូវបានចេញផ្សាយកាលពីថ្ងៃទី៦ ខែឧសភាកន្លងមក ដោយកម្មវិធីស្បៀងអាហារពិភពលោក WFP ដែលព្រមានថាមនុស្សដល់ទៅ ៤៤លាននាក់ មកពីជុំវិញពិភពលោកកំពុងខិត ទៅរកភាពអត់ឃ្លាន កាន់តែខ្លាំងឡើងក្នុងពេលនេះ ៕
ប្រែសម្រួល៖ ស៊ុន លី