Covid-19

បទវិភាគ៖ “កុមារកំព្រាកូវីដ ១៩” ឆ្លុះបញ្ចាំងពីភាពលំបាក ដែលក្រុមមនុស្សងាយរងគ្រោះ នៅសហរដ្ឋអាមេរិក បាននិងកំពុងប្រឈម

នាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយអសមត្ថភាពមិនត្រឹមតែ បានបណ្តាលឲ្យករណីឆ្លងជំងឺកូវីដ ១៩ និងករណីស្លាប់បានកើនឡើងប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យបញ្ហា ក្នុងសង្គមជាច្រើនកើតឡើងជាញឹកញាប់ផងដែរ ។ ទស្សនាវដី្តប្រចាំខែ 《The Atlantic Monthly》 នៃអាមេរិកបានចុះផ្សាយអត្ថបទ នាពេលថ្មីៗកន្លងទៅនេះថា ដោយសាររដ្ឋាភិបាលអាមេរិក អសមត្ថិភាពក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ បានជាកុមារអាមេរិកប្រហែល ២០ ម៉ឺននាក់បានក្លាយជា”កុមារកំព្រាកូវីដ ១៩ ” ។

សូមបញ្ជាក់ថា “កុមារកំព្រាកូវីដ ១៩ ” គឺមានន័យថា កុមារដែលបានកំព្រាឪពុកម្តាយ ឬអាណាព្យាបាលផ្សេងទៀត ក្នុងអំឡុងពេលរីករាលដាល ជាសកលនៃជំងឺកូវីដ ១៩ ។ នាពេលថ្មីៗកន្លងទៅនេះ ការសិក្សាស្រាវជ្រាវមួយចំនួនបានផ្តោតសំខាន់ ទៅលើបាតុភាពនេះព្រម និងបញ្ហាក្នុងសង្គមដែលមានលទ្ធភាពកើតឡើង ។

យោងតាមទិន្នន័យស្ថិតិថ្មីបំផុត ស្តីពីករណីឆ្លងជំងឺកូវីដ ១៩ នៃសកលវិទ្យាល័យ Johns Hopkins របស់អាមេរិកបានឱ្យដឹងថា ចាប់តាំងពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ មក ករណីស្លាប់ដោយសារជំងឺកូវីដ ១៩ សរុបនៅអាមេរិកបានលើសពី ១ លាន ២ ម៉ឺននាក់ ។ យោងតាមទិន្នន័យស្ថិតិស្តីពីការតាមដានពិនិត្យ នៃសកលវិទ្យាល័យបច្ចេកវិទ្យា Imperial London របស់អង់គ្លេសបានឱ្យដឹងទៀតថា គិតមកទល់ថ្ងៃទី ៥ ខែឧសភា សហរដ្ឋអាមេរិកមានកុមារជាង ២១ ម៉ឺននាក់បានកំព្រាឪពុកម្តាយ ឬជីដូនជីតាដែលជាអាណាព្យាបាលសំខាន់ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ។

នាពេលថ្មីៗកន្លងទៅនេះ វេបសាយនៃទស្សនាវដី្តប្រចាំខែ 《The Atlantic Monthly》 របស់អាមេរិកក៏បានចេញផ្សាយអត្ថបទថា “កុមារកំព្រាកូវីដ ១៩ “ចំនួន ២០ ម៉ឺននាក់នៅសហរដ្ឋអាមេរិក ត្រូវគេបំភ្លេចចោល” “ទោះបីជារយៈពេលពីរឆ្នាំបានធ្វើឱ្យសហរដ្ឋអាមេរិក អាចប្រឈមប្រកបដោយភាពស្ងប់ស្ងាត់ នូវការវាយប្រហារដែលបណ្តាលមកពីវីរុសកូវីដ ១៩ ក៏ដោយ ក៏ប៉ុន្តែការខាតបង់នៅតែគួរឱ្យ អ្នកផងភ្ញាក់ផ្អើល និងពិបាកនឹងទទួលយកបានដែរ ពោលគឺ ក្នុងចំណោមរាល់កុមារកំព្រាចំនួន ១២ នាក់ដែលមានអាយុក្រោម ១៨ ឆ្នាំ ក៏មានម្នាក់បានកំព្រាឪពុកម្តាយរបស់ខ្លួន ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ លើកនេះដែរ លើសពីនេះទៅទៀត ក្នុងសាលារដ្ឋនីមួយៗនៅអាមេរិក គិតជាមធ្យម មានកុមារពីរនាក់បានកំព្រាអាណាព្យាបាល របស់ខ្លួនក្នុងអំឡុងពេល រីករាលដាលនៃជំងឺកូវីដ ១៩ លើកនេះ” ។

ដូចការវិភាគរបស់អត្ថបទនេះ ដែលបានលើកឡើងបន្ថែមទៀតថា ហានិភ័យនៃការប្រើប្រាស់ថ្នាំ ដោយខុសច្បាប់ ការព្យួរការសិក្សានិងធ្លាក់ក្នុងភាពក្រីក្រ របស់ក្រុមកុមារកំព្រាទាំងនេះ ក៏បានកើនឡើងជាបណ្តើរៗផងដែរ ។ លទ្ធភាពនៃការធ្វើអត្តឃាត របស់ពួកគេស្ទើរតែបានកើនទ្វេដង បើប្រៀបធៀបនឹងកុមារមិនមែនកំព្រា ហើយក៏មានលទ្ធភាពរងផលប៉ះពាល់ ពីបញ្ហាគ្រប់បែបយ៉ាងដទៃទៀតផងដែរ ។ ដូច្នេះ ការលេចចេញក្រុម “កុមារកំព្រាកូវីដ ១៩ “និងហានិភ័យដែលបានលាក់ទុក ក្នុងសង្គមមិនត្រឹមតែនឹងជះឥទ្ធិពល យ៉ាងស៊ីជម្រៅចំពោះជោគវាសនា របស់សមាជិកនៃក្រុមនេះប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំមកនូវបញ្ហាប្រឈម ក្នុងរយៈពេលយូរដល់សង្គមអាមេរិកផងដែរ ។

បាតុភូតអំពី”កុមារកំព្រាកូវីដ ១៩ “គឺជាសោកនាដកម្មដែលបណ្តាល មកពីរដ្ឋាភិបាលអាមេរិកដែលអសមត្ថិភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយក៏បានលាតត្រដាងនូវបញ្ហា ស្រទាប់ជ្រៅក្នុងសង្គមអាមេរិកក្នុងរយៈពេលយូរ ដូចជា គម្លាតខាងពូជសាសន៍ជាដើម ។ ទស្សនាវដី្តប្រចាំខែ 《The Atlantic Monthly》 នៃអាមេរិកបានផ្សាយដំណឹងថា បញ្ហាអំពី”កុមារកំព្រាកូវីដ ១៩ “មានភាពកាន់តែធ្ងន់ធ្ងរក្នុងចំណោម ក្រុមមនុស្សងាយរងគ្រោះ ដូចជា ក្រុមជនជាតិភាគតិចជាដើម ។ ដោយសារប្រាក់ចំណូលជាមធ្យម របស់គ្រួសារជនជាតិភាគតិចទាបបង្គួរ និងសមត្ថភាពទប់ទល់នឹងហានិភ័យ របស់ពួគេនៅពេលប្រឈមនឹង ការរីករាលដាលនៃជំងឺឆ្លងនេះអន់បង្គួរ បានជាកុមារកាន់តែ មានលទ្ធភាពក្លាយជា”កុមារកំព្រាកូវីដ ១៩ ” ។

គួរបញ្ជាក់ដែរថា លទ្ធផលសិក្សាស្រាវជ្រាវ បានបង្ហាញឱ្យឃើញថា ចំនួនប្រជាជននៃជនជាតិភាគតិច គ្រាន់តែត្រូវជា ៣៩ ភាគរយនៃចំនួនប្រជាជនសរុប នៃសហរដ្ឋអាមេរិកប៉ុណ្ណោះ តែ”កុមារកំព្រាកូវីដ ១៩ “នៃក្រុមជនជាតិភាគតិចបែរជាមានចំនួន ៦៥ ភាគរយ ។ គិតជាមធ្យម រាល់កុមារជនជាតិស្បែកសចំនួន ៧៥៣ នាក់ ក៏មានម្នាក់ក្លាយជា”កុមារកំព្រាកូវីដ ១៩ ” ចំណែកឯជនជាតិអាមេរិក ដើមកំណើតអាមេរិកឡាទិន គឺរាល់កុមារចំនួន ៤១២ នាក់ ក៏មានម្នាក់ក្លាយជា”កុមារកំព្រាកូវីដ ១៩ ” ហើយនិយាយចំពោះកុមារអាមេរិក ដើមកំណើតអាហ្រ្វិក និងជនជាតិឥណ្ឌាអាមេរិកកាំង គឺ ៣១០ នាក់និង ១៦៨ នាក់ដោយឡែកពីគ្នា ។

នៅពីក្រោយភាពខុសគ្នា ខាងពូជសាសន៍នៃ”កុមារកំព្រាកូវីដ ១៩ ” គឺ បញ្ហាស្រទាប់ជ្រៅក្នុងសង្គមអាមេរិក ក្នុងរយៈពេលយូរ ពោលគឺ ក្នុងវិស័យចំណូល ឱកាសការងារនិងជីវភាពរស់នៅមិនស្មើភាព អត្រាបាត់ការងារខ្ពស់នៃជនជាតិភាគតិច ព្រមទាំងបានបណ្តាលឱ្យកង្វះ ការធានារ៉ាប់រងខាងសុខភាព ។

តាមទិន្នន័យស្ថិតិនាចុងឆ្នាំ ២០១៩ របស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានបង្ហាញឱ្យឃើញថា ប្រាក់ចំណូលគិតជាមធ្យម របស់គ្រួសារជនជាតិអាមេរិក ដើមកំណើតអាហ្រ្វិក និងអាមេរិកឡាទិន នៅសហរដ្ឋអាមេរិក គឺ គ្រាន់តែត្រូវជាពាក់កណ្តាល នៃគ្រួសារជនជាតិស្បែកស ចំណែកឯទ្រព្យសម្បត្តិសុទ្ធមានត្រឹមតែពី ១៥ ដល់ ២០ ភាគរយប៉ុណ្ណោះ ។ ក្នុងរយៈពេលរាប់សិនឆ្នាំកន្លងមក គម្លាតរវាងក្រុមជនជាតិស្បែកស និងក្រុមជនជាតិភាគតិចត្រូវបាន កើនឡើងយ៉ាងច្បាស់ ។

ប៉ុន្តែ គួរឱ្យសោកស្តាយណាស់ “កុមារកំព្រាកូវីដ ១៩ “ដែលប្រកបដោយភាពរំសើបដ៏ធំបំផុតនេះ ត្រូវបានមើលរំលងដោយ រដ្ឋាភិបាលអាមេរិក ។ ចាប់តាំងពីបានផ្ទុះការរីករាល ដាលនៃជំងឺកូវីដ ១៩ រហូតដល់បច្ចុប្បន្ននេះ ក្រុម”កុមារកំព្រាកូវីដ ១៩ “នៅអាមេរិកមានចំនួនកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ។ ដោយឡែកទាក់ទិននឹងបញ្ហានេះ បច្ចុប្បន្ននេះ មានតែសមាជិកសភាសហព័ន្ធ និងមូលដ្ឋានមួយចំនួនតូចប៉ុណ្ណោះធ្វើការខ្ជីខ្ជាបានចេញសេចក្តីអំពាវនាវ ហើយរដ្ឋនិងស្រុកមួយចំនួនតូច បានចាត់វិធានការជួយស្រោចស្រង់ ដូចជា ការទម្លាក់ថវិកាជាដើម ។ អ្នកជំនាញខាងការបង្ការជំងឺឆ្លង បានលើកសំណើនិងមតិយោបល់ ជាយូរមកហើយថា ត្រូវដោះស្រាយបញ្ហាអំពី “កុមារកំព្រាកូវីដ ១៩ “នៅទូទាំងសហរដ្ឋអាមេរិក ឱ្យបានទាន់ពេលវេលានិងក្នុងពេលឆាប់ៗ ហើយការគ្រោងផែនការ និងការខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលសហព័ន្ធ គឺជាបញ្ហាគន្លឹះ ។ ទោះយ៉ាងនេះក្តី ប៉ុន្តែ សភាពការណ៍ជាក់ស្តែង គឺ ប្រតិកម្មរបស់រដ្ឋាភិបាលអាមេរិក មានភាពយឺតយ៉ាវរហូត ។

បន្ទាប់ពីបញ្ហាអំពី “កុមារកំព្រាកូវីដ ១៩ “ត្រូវបានលាតត្រដាង វាមិនត្រឹមតែធ្វើឱ្យប្រជាជន មើលឃើញពីទុក្ខវេទនា របស់ប្រជាជនសាមញ្ញអាមេរិក ដែលបណ្តាលមកពីរដ្ឋាភិបាលអាមេរិក អសមត្ថិភាពក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងក៏បានលាតត្រដាង ពីស្រទាប់កាន់តែជ្រាលជ្រៅ នូវបញ្ហាធ្ងន់ធ្ងរជាប្រព័ន្ធ ពីឫសគល់របស់អាមេរិក ក្នុងការយកចិត្តទុកដាក់ ដល់ក្រុមមនុស្សងាយរងគ្រោះផងដែរ ។ បើធ្វើការវិភាគចំពោះដំណើរដើមទង របស់បញ្ហានេះអាចឃើញថា ភាពឃោរឃៅនិងភាពព្រងើយកន្តើយ នៅពីក្រោយពាក្យភូតកុហក របស់អ្វីដែលហៅថា “អ្នកគាំពារសិទ្ធិមនុស្ស” ត្រូវបានលាតត្រដាងថែមមួយកម្រិតទៀត នៅចំពោះមុខអ្នកផងទាំងពួង ។

មូលហេតុដែលបណ្តាលឱ្យ កើតមានសោកនាដកម្មគួរឱ្យ អាណិតអាសូនេះ គឺ ដោយសារភាពអយុត្តិធម៌ ជាប្រព័ន្ធបានកើតមានយ៉ាងទូលំទូលាយ ក្នុងវិស័យសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលយូរមកហើយ ។ អសមត្ថភាពជាបន្តបន្ទាប់របស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានបណ្តាលឱ្យករណីឆ្លងជំងឺកូវីដ ១៩ និងករណីស្លាប់សុទ្ធតែបានរក្សាចំណាត់ថ្នាក់ទី ១ នៅលើពិភពលោក ។ លើសពីនេះទៅទៀត ការមើលរំលងរបស់រដ្ឋាភិបាលអាមេរិក ក្នុងការបង្ការនិងគ្រប់គ្រងការីករាលដាល នៃជំងឺឆ្លងព្រមទាំងការបដិបក្ខរវាងបក្ខពួក និងការប្រយុទ្ធផ្ទៃក្នុងរបស់បុគ្គលឆ្នើម ក្នុងវណ្ណៈគ្រប់គ្រងជាបច្ច័យចម្បង នៃសោកនាដកម្មនេះ ឯភាពបែកបាក់គ្នានៃសង្គម ធ្វើឱ្យផលវិបាកដែលបណ្តាលមកពី ការរីករាលដាលនៃជំងឺឆ្លង ចំពោះប្រជាជនសាមញ្ញ មានភាពកាន់តែធ្ងន់ធ្ងរ ស្របពេលជាមួយគ្នានេះ អសមភាពខាងពូជសាស៍ ក៏បានបង្កឱ្យបញ្ហាអំពី “កុមារកំព្រាកូវីដ ១៩ “កាន់តែមានភាពប្រឈមខ្លាំងបំផុត រយៈពេលយូរក្នុងសង្គម ។

ដូច្នេះ អាចមានការវិនិច្ឆ័យច្បាស់លាស់ថា ទោះបីជាការបង្កើតឡើងនៃ”កុមារកំព្រាកូវីដ ១៩ “ជា”បញ្ហាថ្មី”ដែលបណ្តាលមកពីការរីករាល ដាលនៃជំងឺឆ្លងក៏ដោយ ក៏ប៉ុន្តែភាពខុសគ្នាខាងពូជសាសន៍ នៅពីក្រោយទើបជា “បញ្ហាធ្ងន់ធ្ងរ” ក្នុងសង្គមអាមេរិក ។ នៅពីក្រោយក្រុមមនុស្ស ងាយរងគ្រោះនៅសហរដ្ឋអាមេរិក ដែលបានធ្លាក់ក្នុងភាពជាប់គាំង បានឆ្លុះបញ្ចាំងពីសភាពការណ៍បច្ចុប្បន្ន នៃសិទ្ធិប្រជាធិបតេយ្យរបស់ក្រុមមនុស្ស មិនមែនស្បែកសនិងជនជាតិភាគតិច នៅសហរដ្ឋអាមេរិក ។ តាមពិតទៅ នៅអាមេរិក សិទ្ធិប្រជាធិបតេយ្យរបស់ ក្រុមដូចខាងលើត្រូវបានដកហូត និងបំពានក្នុងរយៈពេលជាយូរ ហើយករណីដែលត្រូវទទួលរងការរើសអើង ការរំលោភបំពាននិងការបំភ្លេចចោល វាសឹងតែក្លាយជាទម្លាប់ទៅហើយ ។ ហេតុនេះហើយ បានជាសហរដ្ឋអាមេរិកដែលមាន បញ្ហាប្រជាធិបតេយ្យផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរ ហើយមានផលវិបាកកាន់តែច្រើនឡើងៗ គ្មានលក្ខណសម្បត្តិអីមកអួតតម្កើងខ្លួនថា ជា”ចៅក្រមសិទ្ធិមនុស្ស” ដើម្បីឆ្កាដៃឆ្កាជើងទៅលើសភាពការណ៍ ប្រជាធិបតេយ្យរបស់ប្រទេសដទៃទៀតនោះទេ ។

គួររំលឹកថា អង្គការ “Coronavirus Cooperative ” ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលផ្តួចផ្តើមដោយអ្នកជំនាញ និងបញ្ញវន្តធ្លាប់សរសេរសារលិខិតសាធារណៈ មួយជូនប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុន ដោយអំពាវនាវឱ្យរដ្ឋាភិបាល ចាត់ប្រតិបតិ្តការដើម្បីជួយសង្គ្រោះក្រុម “កុមារកំព្រាកូវីដ ១៩ ” ប៉ុន្តែគិតមកទល់បច្ចុប្បន្ននេះ នៅមិនទាន់ទទួលបានការ ឆ្លើយតបនៅឡើយទេ។ ក្រោម “ស្តង់ដារពីរខាងសិទ្ធិមនុស្ស” ដែលមានឈ្មោះល្បីល្បាញ នៅទូទាំងពិភពលោក នេះគឺជាសារលិខិតមួយដែលពិតជា មិនអាចទទួលបានការឆ្លើយតបវិញ ៕

To Top