ព័ត៌មានអន្តរជាតិ

បទវិភាគ៖ អ្នកនយោបាយជប៉ុន ឃោសនាបំប៉ោង ឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញម្តងទៀត អ្នកផងទាំងពួងត្រូវតែប្រុងប្រយ័ត្ន ទង្វើដែលប្រកបដោយគ្រោះថ្នាក់បែបនេះ

ឆ្នាំនេះជាខួបទី ៧៥ នៃការអនុវត្តរដ្ឋធម្មនុញ្ញ សន្តិភាពរបស់ប្រទេសជប៉ុន ។ ប៉ុន្តែ សកម្មភាពជាបន្តបន្ទាប់របស់អ្នកនយោបាយជប៉ុន មួយចំនួនបានបង្ហាញឱ្យឃើញថា ពួកគេកំពុងឃ្លាតឆ្ងាយពីផ្លូវ ឆ្ពោះទៅរកសន្តិភាពជាបន្តបន្ទាប់ ។ ពួកគេឃោសនាបំប៉ោងដោយគំរាមកំហែង ពីខាងក្រៅជាញឹកញាប់ ដើម្បីវាយទម្លុះការរិតត្បិត នៃរដ្ឋធម្មនុញ្ញសន្តិភាព ប៉ុនប៉ងឱ្យជប៉ុនបង្កើតកងទ័ពការពារជាតិ និងមានសិទ្ធិផ្ទុះអាវុធគ្នាជាមួយក្រៅប្រទេស ។ ទាក់ទិននឹងរឿងដែល អ្នកនយោបាយជប៉ុនមួយចំនួន បានបញ្ចេញសញ្ញាដ៏គ្រោះថ្នាក់ ដើម្បីស្តារចក្រពត្តិនិយម សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សា ការប្រុងប្រយ័ត្នខ្ពស់ចំពោះទង្វើបែបនេះ ។

គួររំលឹកថា កាលពី ៧៥ ឆ្នាំមុន បន្ទាប់ពីបានទទួលបរាជ័យទាំងស្រុង ក្នុងសង្គ្រាមលោកលើកទីពីរ ប្រទេសជប៉ុនបានដាក់ចេញរដ្ឋធម្មនុញ្ញថ្មី បន្ទាប់ពីបញ្ចប់សង្គ្រាម ។ មាត្រាទី ៩ នៃរដ្ឋធម្មនុញ្ញបានកំណត់ច្បាស់លាស់ថា ជប៉ុននឹងបោះបង់ចោលជារៀងរហូត នូវការបំផុសសង្គ្រាម ការគំរាមកំហែងដោយកម្លាំងបាយ ឬការប្រើកម្លាំងអាវុធជាមធ្យោបាយ សម្រាប់ដោះស្រាយវិវាទអន្តរជាតិ ។ ដើម្បីសម្រេចបានូវគោលដៅនេះ ជប៉ុនមិនអនុញ្ញាតឱ្យមានកងទ័ពជើងគោក ជើងទឹកនិងជើងអាកាសព្រមទាំង កងកម្លាំងផ្សេងទៀតទេ ហើយក៏មិនទទួលស្គាល់សិទ្ធិ ផ្ទុះអាវុធរបស់ប្រទេសនេះដែរ ។ ដូច្នេះ រដ្ឋធម្មនុញ្ញថ្មីរបស់ជប៉ុនត្រូវគេហៅថា រដ្ឋធម្មនុញ្ញសន្តិភាព ។ ក្នុងមួយរយៈពេលជាយូរមកហើយ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ សន្តិភាពនិយមធ្វើឱ្យប្រទេសជប៉ុន ទទួលបានទំនុកចិត្តពីសំណាក់ ប្រទេសនានានៅទ្វីបអាស៊ីជាដើម ហើយសេដ្ឋកិច្ចរបស់ជប៉ុនក៏សម្រេចបាន នូវការអភិវឌ្ឍប្រកបដោយសិ្ថរភាព ។

យ៉ាងណាមិញ ខណៈពេលដល់ទសវត្សរ៍ឆ្នាំ ៩០ នៃសតវត្សរ៍មុន កម្លាំងអភិរក្សក្នុងវិស័យនយោបាយជប៉ុន ទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ ហើយការអភិវឌ្ឍសេដ្ឋកិច្ចរបស់ជប៉ុន ក៏បានធ្លាក់ក្នុងសភាពជាប់គាំងអស់រយៈពេល ៣០ ឆ្នាំផងដែរ ។ ទាក់ទិននឹងរឿងនេះ រដ្ឋាភិបាលជប៉ុនមិនបានជ្រើសរើស ធ្វើការកែទម្រង់ខាងនយោបាយ និងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ក្នុងវិស័យសេដ្ឋកិច្ចនោះទេ បែរជាប៉ុនប៉ងបង្វែរការមិនពេញចិត្ត និងការរិះគន់ពីសំណាក់ប្រជាជន ក្នុងស្រុកនិងដោះស្រាយទំនាស់ក្នុងស្រុក តាមរយៈការបង្កជម្លោះជាមួយក្រៅប្រទេស និងចូលរួមសង្រ្គាមអន្តរជាតិ ។ ដោយមកពីរដ្ឋធម្មនុញ្ញសន្តិភាព បានដាក់កំហិតប្រទេសជប៉ុន មិនឱ្យប្រើប្រាស់មធ្យោបាយធ្វើសង្រ្គាម ដើម្បីដោះស្រាយវិវាទអន្តរជាតិ ហើយបានកំណត់ថា ការចំណាយថវិកាយោធាមិនអាចលើសពី ១ ភាគរយនៃទំហំផលិតផលក្នុងស្រុកសរុបនោះទេ បានជារដ្ឋាភិបាលជប៉ុនបានផ្តោតសំខាន់ ទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតែម្តង ។

និយាយចំពោះប្រទេសជិតខាង នៅអាស៊ីព្រមទាំងពិភពលោក ការប៉ុនប៉ងរបស់អ្នកនយោបាយជប៉ុនមួយចំនួន ដែលចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ធ្វើឱ្យអ្នកផងទាំងពួងមើលឃើញយ៉ាងច្បាស់ថា ចក្រពត្តិនិយមជប៉ុនមិនបាន រលាយសាបសូន្យដែរ ប្រការនេះបានល្មើសនឹងក្តីបំណង របស់ប្រជាជនក្នុងសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋជប៉ុនដែលស្រឡាញ់សន្តិភាព ហើយនឹងនាំមកនូវហានិភ័យសន្តិសុខ ដ៏ធ្ងន់ធ្ងរដល់ប្រទេសជិតខាង សហគមន៍អន្តរជាតិគួរតែប្រុងប្រយ័ត្នខ្ពស់ ចំពោះទង្វើប្រកបដោយគ្រោះថ្នាក់បែបនេះ ។

មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចំនួន ៦ របស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនដែលទើបបានបញ្ចប់នោះ បណ្តាប្រទេសជាច្រើននៅអាស៊ីមាន ប្រតិកម្មយ៉ាងមធ្យ័តចំពោះការឃោសនាបំប៉ោង របស់លោកនាយករដ្ឋមន្ត្រីជប៉ុនស្តីពី ការគំរាមកំហែងពីខាងក្រៅ ។ ប្រការនេះបានបង្ហាញឱ្យឃើញថា ប្រទេសអាស៊ីថែរក្សានិងឱ្យតម្លៃទ្វេដង ទៅលើសន្តិភាពដែលបានមកដោយមិនងាយ ។ ប្រសិនបើបណ្តោយឱ្យចក្រពត្តិនិយមជប៉ុន បង្ករឿងហេតុតាមតែទំនើងចិត្ត នោះ អ្នកនយោបាយជប៉ុនមួយចំនួនមុខជានឹង ទទួលបរាជ័យកាន់តែខ្លាំងម្តងទៀត ជាក់ជាមិនខាន ៕

To Top