ព័ត៌មានអន្តរជាតិ

EU ចង់ប្រើទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលបង្កក ដើម្បីយកមកកសាង អ៊ុយក្រែនឡើងវិញ

បរទេស៖ ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានស្នើររឹបអូសយកទុនបំរុង រូបិយប័ណ្ណបរទេសរបស់រុស្ស៊ី ដែលបានបង្កក ហើយប្រើប្រាស់វាដើម្បីរ៉ាប់រង ការចំណាយលើការកសាងអ៊ុយក្រែនឡើងវិញ នៅពេលដែលជម្លោះយោធាបានបញ្ចប់។ លោក Josep ជឿថា បទពិសោធន៍ពីមុននៅអាហ្វហ្គានីស្ថាន ដើរតួជាគំរូសម្រាប់វិធានការបែបនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ FT ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ លោក Borrell បាននិយាយថា កាលពីខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ “ដើម្បីជួយឱ្យទ្រព្យសម្បត្តិមួយចំនួន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាល របស់ប្រទេសអាហ្វហ្គានីស្ថានគឺ Da Afghanistan Bank ដែលត្រូវប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាជនអាហ្វហ្គានីស្ថាន។ ”នៅក្នុងគំនិតរបស់ Borrell “វាពោរពេញដោយតក្កវិជ្ជា” ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី សម្រាប់គោលបំណងស្រដៀងគ្នា។

លោកបាននិយាយថា “យើងមានលុយនៅក្នុងហោប៉ៅរបស់យើង ហើយមាននរណាម្នាក់ ត្រូវពន្យល់ខ្ញុំពីមូលហេតុ ដែលវាល្អសម្រាប់លុយអាហ្វហ្គានីស្ថាន ហើយមិនល្អសម្រាប់លុយរុស្ស៊ី” ។

លោក Borrell បាននិយាយថាសំណួរ សំខាន់បំផុតមួយឥឡូវនេះគឺ “តើអ្នកណានឹងចំណាយសម្រាប់ ការកសាងឡើងវិញអ៊ុយក្រែន?” ដោយសារ “ចំនួនប្រាក់មិនគួរឱ្យជឿ” នឹងត្រូវការជាចាំបាច់ ហើយដោយពិចារណាថា ចំនួនដែលបានលើកឡើងនៅក្នុងសន្និសីទ សន្យានាពេលថ្មីៗនេះគ្រាន់តែជា “ដំណក់ទឹកក្នុងមហាសមុទ្រ” សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្កើត មធ្យោបាយផ្សេងទៀតដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការកសាងឡើងវិញប្រទេស ដែលហែកហួរដោយជម្លោះ ហើយការប្រើប្រាស់ទុនបម្រុងរបស់រុស្ស៊ី អាចជាមធ្យោបាយមួយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top